ក្លិបយក្សព័រទុយហ្គាល់ Benfica បានប្រកាសចុះហត្ថលេខាយកខ្សែប្រយុទ្ធកូឡុំប៊ី Jhon Duran ពីក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
តាមកិច្ចព្រមព្រៀង Benfica នឹងបង់ថ្លៃខ្ចីជើងប្រមាណ ៥.១៩លានផោន ហើយមានជម្រើសទិញផ្តាច់នៅចុងបញ្ចប់រដូវកាល ២០២៦-២០២៧ ក្នុងតម្លៃ ២៥.៥លានផោន។
នៅវ័យត្រឹម ២២ឆ្នាំ Duran បានហែលឆ្លងក្លិបអាជីពចំនួន ៧ ហើយ បន្ទាប់ពីធ្លាប់លេងឱ្យ Envigado, Chicago Fire, Aston Villa, Al-Nassr, Fenerbahce, Zenit St. Petersburg និងពេលនេះ Benfica។
ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមអាជីពជាមួយក្លិប Envigado នៅប្រទេសកូឡុំប៊ី ក្នុងឆ្នាំ២០១៩ មុនផ្ទេរទៅកាន់ក្លិប Chicago Fire នៃលីគ MLS សហរដ្ឋអាមេរិក នៅឆ្នាំ២០២២។
នៅខែមករា ឆ្នាំ២០២៣ Duran បានផ្លាស់ទៅកាន់ Aston Villa ក្នុងតម្លៃប្រមាណ ១៤លានផោន ហើយបានក្លាយជាកីឡាករដែលទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រក្លិប។
បន្ទាប់មក នៅខែមករា ឆ្នាំ២០២៥ Aston Villa បានលក់ Duran ទៅ Al-Nassr ក្នុងតម្លៃរហូតដល់ ៧១លានផោន។ ទោះបីជារកបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន១៣ប្រកួត ជាមួយក្លិបអារ៉ាប៊ីសាអូឌីតក៏ដោយ រូបគេបានស្នាក់នៅទីនោះត្រឹមពាក់កណ្តាលរដូវកាលប៉ុណ្ណោះ មុនផ្ទេរទៅ Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើង។
យ៉ាងណាមិញ ការផ្លាស់ប្តូរនៅ Fenerbahce មិនបានដំណើរការដូចការរំពឹងទុកឡើយ បន្ទាប់ពីគ្រូបង្វឹក Jose Mourinho ត្រូវបានបណ្តេញចេញត្រឹមមួយខែបន្ទាប់ពី Duran បង្ហាញខ្លួនជាលើកដំបូង។ ជាលទ្ធផល កិច្ចសន្យាខ្ចីជើងត្រូវបានលុបចោលនៅខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឱ្យរូបគេចូលរួមជាមួយ Zenit St. Petersburg។
នៅរុស្ស៊ី Duran រកបាន ៣គ្រាប់ក្នុង៩ប្រកួត មុនសម្រេចផ្ទេរមក Benfica ដែលជាឱកាសថ្មីមួយសម្រាប់រូបគេក្នុងការស្ថាបនាអាជីពឱ្យមានស្ថិរភាពនៅក្លិបធំមួយនៅទ្វីបអឺរ៉ុប៕ អត្ថបទ៖នាង សុភាវុធ

