ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទ (ទី២០ ខែកក្កដា ឆ្នាំ២០២៦) ថា លោកមាននូវ «ការសន្ទនាល្អណាស់» ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnham ដោយបន្ថែមថា លោកនឹងជួបជាមួយលោក «ក្នុងពេលឆាប់ៗនេះ»។

លោក Burnham បានក្លាយជានាយករដ្ឋមន្ត្រីទី៧ របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ១ទសវត្សរ៍ កាលពីថ្ងៃទី២០ ខែកក្កដា ដោយបានប្តេជ្ញាចិត្តរៀបចំប្រព័ន្ធនយោបាយរបស់ប្រទេសឡើងវិញ ដើម្បីបង្កើតគំរូសេដ្ឋកិច្ចថ្មី និងស្តារប្រទេសជាតិដែលត្រូវបាន «ធុញទ្រាន់» ដោយការផ្លាស់ប្តូរអ្នកដឹកនាំញឹកញាប់ពេក។
នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Truth Social លោក Trump បានលើឡើងថា៖ «យើងបានពិភាក្សា អំពីប្រេង នៅសមុទ្រខាងជើង ពាណិជ្ជកម្ម សម្ព័ន្ធភាពយោធា ការដោះមីន នៅច្រកសមុទ្រ Hormuz និងប្រធានបទជាច្រើនទៀត។ ការជជែកតាមទូរស័ព្ទនេះ គឺគួរឱ្យចាប់អារម្មណ៍ ហើយដំណើរការទៅយ៉ាងល្អ»។
ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ លោក Trump បានឱ្យដឹងបន្ថែមថា៖ «យើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ សម្រាប់ប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក»។
លោក Trump បានរិះគន់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ពាក់ព័ន្ធនឹងសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ អន្តោប្រវេសន៍ ថាមពល និងបទប្បញ្ញត្តិបច្ចេកវិទ្យា។
ជាមួយគ្នានេះ ការិយាល័យរបស់លោក Burnham បានឱ្យដឹងថា អំឡុងការជជែកនោះ នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានធានាដល់លោក Trump ថា ទីក្រុងឡុងដ្រ៍ នឹងប្តេជ្ញាចិត្ត ចំពោះការការពារជាតិ និងសន្តិសុខ ហើយនឹងគាំទ្រដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយសុវត្ថិភាព ដែលត្រូវបានរារាំងយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលបណ្តាលឱ្យតម្លៃថាមពលហក់ឡើង៕
