បើយោងតាមសេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសចិន នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ជុំវិញការប៉ះទង្គិចគ្នា កាលពីមួយថ្ងៃមុន រវាងប្រទេសទាំង២ នៅក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។
ប្រទេសចិន និងហ្វីលីពីន កាលពីថ្ងៃចន្ទ បានចោទប្រកាន់គ្នាទៅវិញទៅមក បន្ទាប់ពីមានការប៉ះទង្គិច រវាងនាវា នៅដែនទឹកមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដោយទីក្រុងម៉ានីលលើកឡើងថា បុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួន ត្រូវបានវាយចំក្បាល ហើយទីក្រុងប៉េកាំង ប្រាប់ថា ទីក្រុងម៉ានីលជាអ្នកបង្កឱ្យមានហេតុការណ៍នេះ។
ដោយឡែក នៅថ្ងៃអង្គារនេះ ឆ្មាំល្បាតឆ្នេរចិន បានឱ្យដឹងថា ចិនបានអនុញ្ញាតឱ្យភាគីហ្វីលីពីនផ្ទេរបុគ្គលិករងរបួសតាមរយៈទូកតូចៗពីនាវាចម្បាំងហ្វីលីពីនដែលត្រូវបានចតចោល ដោយគិតដល់លក្ខខណ្ឌមនុស្សធម៌។
ស្ថានទូតហ្វីលីពីនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

