ទឹកជំនន់ និងបំណាក់ដី នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់ ២នាក់បាត់ខ្លួន និង ១០នាក់រងរបួស ដោយមានការខាតបង់សេដ្ឋកិច្ចសរុបប្រមាណជិត ៤៤៣ពាន់លានដុង (ជិត ១៧លានដុលារ) ខណៈដែលការខូចខាតនៅតែបន្តកើនឡើង នៅក្នុងខេត្ត Lai Chau និង Son La។
Lai Chau ជាខេត្តតំបន់ភ្នំដែលមានលក្ខណៈសម្គាល់ដោយសណ្ឋានដីចោត និងបណ្តាញទន្លេ និងអូរខ្វាត់ខ្វែង គឺជាតំបន់ដែលរងប៉ះពាល់ខ្លាំងបំផុត ក្នុងអំឡុងពេលមានទឹកជំនន់ថ្មីៗនេះ នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម។
ទឹកជំនន់គំហុកភ្លាមៗ និងបំណាក់ដីបានប៉ះពាល់ដោយផ្ទាល់ដល់មនុស្សចំនួន ៨៩៩គ្រួសារ ដែលមានប្រជាជន ៤.២៦៣នាក់ នៅក្នុងភូមិ Chit, Khi, Nam Sang, Noong Thang និង Nam Ngua។ ខេត្តនេះមានអ្នកស្លាប់ចំនួន ៦នាក់ ១០នាក់បានរងរបួស ហើយ ២នាក់នៅតែបាត់ខ្លួន។
គិតត្រឹមថ្ងៃត្រង់ថ្ងៃទី២០ ខែកក្កដា ការខាតបង់សរុបនៅខេត្ត Lai Chau ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ២៧០ពាន់លានដុង ដែលជាការកើនឡើងយ៉ាងខ្លាំងពីការវាយតម្លៃពីមុន។ ឃុំ Muong Than តែមួយបានខូចខាតប្រហែល ១២០ពាន់លានដុង។
នៅខេត្តជិតខាង Son La ការខាតបង់ដែលត្រូវបានប៉ាន់ប្រមាណ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដល់ប្រហែល ១២៥ពាន់លានដុង។ ខេត្ត Lao Cai ក៏បានរងការខូចខាតយ៉ាងទូលំទូលាយផងដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ បានបង្កឱ្យមានទឹកជំនន់គំហុកភ្លាមៗ បំណាក់ដី និងការជន់លិច។ ការខាតបង់សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤៥ពាន់លានដុង។ ទន្ទឹមនឹងនេះ ខេត្ត Dien Bien បានរាយការណ៍ពីការខូចខាតប្រហែល ២,៣ពាន់លានដុង៕



