ចលនាតវ៉ា «Cockroach» (សត្វកន្លាត) ដែលដឹកនាំដោយយុវជនឥណ្ឌា បានឱ្យដឹងថា ខ្លួននឹងបន្តការតវ៉ាតទៅទៀត ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីការតវ៉ាដោយហិង្សា បានរំខានដល់តំបន់កណ្តាលទីក្រុងដេលី (Delhi) ដោយធ្វើឱ្យក្រុមបាតុករ និងបុគ្គលិកនគរបាលជាច្រើននាក់រងរបួស។
ក្រុមបាតុកររាប់ពាន់នាក់មកពីទីក្រុងដេលី និងទីក្រុងក្បែរនោះ ព្រមទាំងពីទីប្រជុំជនផ្សេងៗ បានប្រមូលផ្តុំគ្នា ដើម្បីដង្ហែក្បួនទៅកាន់សភា កាលពីថ្ងៃចន្ទ ដោយបានចូលរួមក្នុងចលនាមួយ ដែលដំបូងឡើយបានចាប់ផ្តើមចេញពីការចំអកឌឺដងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែបានប្រែជាក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់នាយករដ្ឋមន្ត្រី លោក Narendra Modi នៅក្នុងអាណត្តិទី៣ របស់លោក។
ចលនាតវ៉ាដែលមានអាយុកាលជាច្រើនខែមកហើយរបស់ក្រុមដែលប្រសិទ្ធនាមខ្លួនឯងថា គណបក្ស Cockroach Janta Party បានទាក់ទាញការគាំទ្រពីយុវជនជំនាន់ក្រោយ (Gen Z) នៅក្នុងប្រទេសឥណ្ឌារាប់លាននាក់ ដែលកំពុងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែង ពាក់ព័ន្ធនឹងករណីធ្លាយវិញ្ញាសាប្រឡង ដែលបានប៉ះពាល់ដល់សិស្សជាង ២លាននាក់ កាលពីខែឧសភា។
មនុស្សជិត ១៨០នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋក្បែរៗនោះ កាលពីថ្ងៃចន្ទ ដោយភាគច្រើន បានចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីត្រូវបានសង្គ្រោះបឋម ក្រោយមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងបុគ្គលិកសន្តិសុខ ដែលនៅពេលនោះនគរបាលបានប្រើដំបងវាយ និងឧស្ម័នបង្ហូរទឹកភ្នែក។
នៅព្រឹកថ្ងៃអង្គារនេះ អ្នកតវ៉ាប្រហែល ១៥០-២០០នាក់ បានប្រមូលផ្តុំគ្នា នៅកន្លែងតវ៉ា Jantar Mantar កណ្ដាលទីក្រុងដេលី ដោយនាំគ្នាស្រែកពាក្យស្លោក នៅក្រោមតំណក់ភ្លៀងរលឹមស្រិចៗ។ សន្តិសុខនៅតែត្រូវបានរឹតបន្តឹង ដោយមានបុគ្គលិកប៉ារ៉ាល្បាតផ្នែកខ្លះនៃកណ្តាលក្រុងដេលី និងរបាំងដែលធ្វើឲ្យចរាចរណ៍យឺតយ៉ាវ៕


