ទីក្រុងតេអេរ៉ង់ នឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញសម្រាប់ការដឹកជញ្ជូន ឬចេញលិខិតអនុញ្ញាតសម្រាប់ការឆ្លងកាត់នាវាទេ ដរាបណាសហរដ្ឋអាមេរិកបន្តវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars ដែលបានស្រង់ប្រភពមួយ។
ប្រភពបានចង្អុលបង្ហាញថា៖«ស្ថានភាពនៅក្នុងច្រកសមុទ្រហ័រមូស នឹងមិនផ្លាស់ប្តូរទេ រហូតដល់សហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួន»។
ការកើនឡើងភាពតានតឹងថ្មីៗរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU)។ សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅក្នុងច្រកសមុទ្រហ័រមូស។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃដដែលនោះថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បានបញ្ចប់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតប ដោយកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅបារ៉ែន កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងហ្ស៊កដានី៕

