ប្រទេសឥណ្ឌាបានកោះអញ្ជើញប្រេសិតជនខ្ពស់របស់រុស្ស៊ី ប្រចាំនៅទីក្រុងញូវដេលី (New Delhi) នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងដែលចាកចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ជាហេតុការណ៍ដែលបានសម្លាប់ជនជាតិឥណ្ឌា ៤នាក់។
ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា ខ្លួនបានកោះអញ្ជើញភារធារីរុស្ស៊ី លោក Vladimir Ladanov ដើម្បីបង្ហាញពី «ក្ដីបារម្ភយ៉ាងខ្លាំងក្លា និង «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្ម MV Golden Leo កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។
ក្រសួងបានបញ្ជាក់ថា នាវានេះមានជនជាតិឥណ្ឌា ៥នាក់ ជិះនៅលើនោះ ដែលក្នុងនោះ ៤នាក់ត្រូវបានសម្លាប់។ ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការវាយប្រហារបែបនេះធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ និងស្ថិរភាពនៃពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិ"។
សេចក្ដីថ្លៃងការណ៍បានបន្ថែមថា ប្រេសិតរុស្ស៊ីក៏ត្រូវបានស្នើសុំឱ្យប្រាប់ទៅទីក្រុងមូស្គូថា «ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើឱ្យបាត់បង់អាយុជីវិតជនស៊ីវិលស្លូតត្រង់ គឺជារឿងមិនអាចទទួលយកបានឡើយ ហើយត្រូវតែជៀសវាង»។
កងទ័ពជើងទឹកអ៊ុយក្រែនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានត្រូវចំនាវា Golden Leo។ នាវាដឹកទំនិញនេះដែលមានទង់ជាតិហ្គីណេប៊ីស្សូគ្រប់គ្រងដោយប្រទេសទួរគី កំពុងដឹកគ្រាប់ធញ្ញជាតិ៕

