ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងBologna កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការតវ៉ាជុំវិញការស្លាប់របស់បុរសម្នាក់ដែលកើតនៅប្រទេសម៉ារ៉ុក ឈ្មោះ Abderrahim Fakir អំឡុងពេលមានអន្តរាគមន៍របស់នគរបាល ដោយអាជ្ញាធរអ៊ីតាលីកំពុងប្រឈមនឹងការអំពាវនាវឲ្យមាន ការទទួលខុសត្រូវ ទាំងចំពោះហេតុការណ៍នេះ និងភាពចលាចលដែលបានកើតឡើងបន្ទាប់មក។
សារព័ត៌មានអ៊ីតាលី Corriere della Sera បានរាយការណ៍ថា ការធ្វើបាតុកម្មមួយដែលបានរៀបចំឡើងបន្ទាប់ពីការស្លាប់របស់ លោក Fakir បានប្រែក្លាយទៅជាអំពើហិង្សា ដោយមានការប៉ះទង្គិចគ្នា ត្រូវបានរាយការណ៍ នៅកណ្តាលទីក្រុងនេះ។ សហជីពនគរបាលស្វយ័ត បាននិយាយថា មានមន្ត្រីនគរបាល ជាង ៥០ នាក់ បានរងរបួស អំឡុងពេលមានភាពចលាចលនោះ។
លោក Stefano Paoloni អគ្គលេខាធិការនៃសហជីពនគរបាលស្វយ័តបាននិយាយថា៖«អភិបាលក្រុង លោក Matteo Lepore ត្រូវតែទទួលខុសត្រូវពេញលេញចំពោះការខូចខាតដ៏ធ្ងន់ធ្ងរ និងមន្ត្រីនគរបាល ជាង ៥០នាក់ ដែលបានរងរបួស» ដោយលោកបានរិះគន់ចំពោះការសម្រេចចិត្តរៀបចំការធ្វើបាតុកម្ម នេះ។
លោក Paoloni បាននិយាយថា ការឈឺចាប់ និងការសោកសៅរបស់សាធារណជនចំពោះការស្លាប់របស់ លោក Fakir គឺអាចយល់បាន ប៉ុន្តែលោកបានព្រមានប្រឆាំងនឹងសកម្មភាព ដែលអាចជំរុញឲ្យមានអរិភាពប្រឆាំងនឹងនគរបាល៕

