ក្រុមជួយសង្គ្រោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានស្វែងរកអ្នករស់រានមានជីវិត និងសាកសព នៅតាមគំនរបាក់បែកនៃផ្ទះសម្បែងដែលត្រូវបានបំផ្លាញដោយទឹកជំនន់គំហុកភ្លាមៗដ៏អាក្រក់ ជាហេតុការណ៍ដែលអាជ្ញាធរ បញ្ជាក់ថា បានសម្លាប់មនុស្សជាង ២០នាក់ និងបណ្ដាលឱ្យមនុស្សជាង ១០០នាក់បាត់ខ្លួន។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន បានប្រាប់នៅថ្ងៃអង្គារនេះថា មនុស្ស ២៣នាក់បានស្លាប់ ៨០នាក់ បានរងរបួស និងជាង ១០០នាក់បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានកើតមាននៅខេត្ត Nuristan ភាគខាងកើត កាលពីថ្ងៃចន្ទ ដោយបណ្តាលឱ្យអគារមួយចំនួន បានដួលរលំ។ អាជ្ញាធរបានប្រាប់ថា រដ្ឋធានី Parun ស្ថិតក្នុងចំណោមតំបន់ដែលរងប៉ះពាល់។
នាយកដ្ឋានឧតុនិយមនៃក្រសួងដឹកជញ្ជូន និងអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ការព្យាករអាកាសធាតុ បានបង្ហាញថា នឹងមានបាតុភូតអាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត ដោយមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំងលាយឡំដោយធូលី និងខ្សាច់ ព្រមទាំងទឹកជំនន់គំហុកភ្លាមៗ នៅខេត្តចំនួន ១០ ក្នុងចំណោមខេត្តទាំង ៣៤ របស់ប្រទេស។ ក្រសួងក៏បានព្រមានផងដែរដល់ប្រជាជនឱ្យជៀសវាងឆ្ងាយពីច្រាំងទន្លេ និងតំបន់ផ្សេងទៀតដែលមានហានិភ័យកើតគ្រោះទឹកជំនន់។
គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះខ្លាំង ដោយសារព្រឹត្តិការណ៍អាកាសធាតុអាក្រក់ធ្ងន់ធ្ងរ ដោយមានព្រិល និងភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់គំហុកភ្លាមៗ ដោយជារឿយៗសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយ៕



