ក្រុមហ៊ុនដឹកជញ្ជូនមិនគួរផ្ទុក ឬបញ្ចេញទំនិញ នៅកំពង់ផែអារ៉ាប៊ីសាអ៊ូឌីតទេ ហើយសកម្មភាពបែបនេះអាចបណ្តាលឱ្យក្លាយជាគោលដៅ «នៅទីតាំងណាមួយ» ដោយកងជីវពលហ៊ួទីរបស់ប្រទេសយេម៉ែន។ នេះបើយោងតាមអ៊ីម៉ែល ដែលបានផ្ញើទៅកាន់ក្រុមហ៊ុននានាដោយក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នេះ។
អ៊ីម៉ែលកាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា ឆ្នាំ២០២៦) ដែលត្រូវបានទទួលដោយក្រុមហ៊ុនដឹកជញ្ជូនជាច្រើន បានសរសេរថា៖ «នាវាត្រូវបានហាមឃាត់មិនឱ្យផ្ទុក ឬបញ្ចេញទំនិញទាំងនៅ ឬមកពីកំពង់ផែរបស់អារ៉ាប៊ីសាអ៊ូឌីតណាមួយ»។
យោងតាមអ៊ីមែលដែលត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្មនេះ និងសារព័ត៌សាមាន Reuters បានឃើញ បានរៀបរាប់បន្ថែមថា៖ «យើងសូមណែនាំយ៉ាងម៉ឹងម៉ាត់ឱ្យក្រុមហ៊ុនរបស់អ្នក អនុវត្តការត្រួតពិនិត្យដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត នៅក្នុងការធ្វើប្រតិបត្តិការទាំងអស់របស់ខ្លួន»។
យោងតាមអ៊ីម៉ែល ដែលត្រូវបានផ្ញើដោយមជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌មានមូលដ្ឋាននៅទីក្រុង Sanaa របស់ក្រុមហ៊ួទី បានបញ្ជាក់បន្ថែមថា៖ «សកម្មភាពបែបនេះនឹងធ្វើឱ្យនាវាដែលរំលោភបំពានប្រឈមនឹងទណ្ឌកម្ម។ លើសពីនេះ ពួកគេអាចនឹងត្រូវបានកំណត់គោលដៅនៅទីតាំងណាមួយដែលស្ថិតនៅក្នុងដែនប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធយេម៉ែន»៕

