ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន(US-ABC) ដឹកនាំដោយលោក Jack Myintនាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្រ ចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលរួមមាន៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លង ជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាង គម្រោងស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ ការបញ្ចប់កិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កា លទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាម៉េរិក។
ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម គម្រោងសិក្សាអំពីការធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ឱ្យទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ប្រទេសថៃ និងទៅកាន់កំ ពង់ផែសមុទ្រទឹកជ្រៅ ឬសិក្សាប្រព័ន្ធផ្លូវដែកថ្មី តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងដឹកជញ្ជូនតាមផ្លូវទឹកត្រង់ពីទន្លេបាសាក់ រាជធានីភ្នំពេញឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុទ្រខេត្តកែប ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅក្រៅប្រទេស និងជួ យកាត់បន្ថយថ្លៃដើមទំនិញ និងចំណេញពេលវេលា។
ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសប្រព័ន្ធផ្លូវទឹករបស់កម្ពុជាដែលរួមមាន៖ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជាប្រភពធនធានធម្មជាតិប្រកបដោយសក្ដានុពលរបស់កម្ពុជា ហើយរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់ទាញយកអត្ថប្រយោជន៍ឱ្យអស់លទ្ធភាពនៅឡើយ។
ក្នុងជំនួបនេះដែរ តំណាងស្ថានទូតសហរដ្ឋអាម៉េរិក បានសំដែងនូវការគាំទ្ររបស់របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាម៉េរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរ ក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕
ដោយ៖ គង់ ឌិន




