វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះថា ខ្លួនមិនមាន «ក្ដីសង្ឃឹម» សម្រាប់ទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយចក្រភពអង់គ្លេសឡើយ ដោយការលើកឡើងនេះកើតមានក្រោយមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស គឺលោក Andy Burnham បានចូលកាន់តំណែង ដោយទីក្រុងមូស្គូរិះគន់ការគាំទ្ររបស់លោក ចំពោះអ៊ុយក្រែន។
រុស្ស៊ីមើលឃើញចក្រភពអង់គ្លេសជាប្រទេសលោកខាងលិចដ៏មានអរិភាពបំផុតមួយ ដែលមានទំនាក់ទំនងស្ថិតក្នុងកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដោយសារបញ្ហាជាច្រើន ក្នុងនោះរួមទាំងការចោទប្រកាន់អំពីការបំពុលរបស់រុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេសផងដែរ ដោយទីក្រុងឡុងដ្រ៍បានលេចឡើងជាយូរមកហើយក្នុងនាមជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ទីក្រុងគីវ នៅពេលដែលសង្គ្រាមអ៊ុយក្រែន ផ្ទុះឡើង។
នៅពេលត្រូវបានសួរដោយសារព័ត៌មាន AFP ថា តើទំនាក់ទំនងអាចប្រសើរឡើងបានដែរ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «យើងមិនមានសង្ឃឹមបែបនេះនោះទេ»។ លោក Peskov បាននិយាយថា៖ «សកម្មភាពដំបូងមួយរបស់គាត់ (លោក Burnham) គឺការចេញសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការគាំទ្រ ចំពោះអ៊ុយក្រែន ហើយចេតនារបស់លោក គឺការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្តសង្គ្រាម»។
លោក Burnham ដែលបានចូលកាន់តំណែងនៅវិមាន Downing Street បន្តពីលោក Keir Starmer បាននិយាយទៅកាន់លោក Volodymyr Zelenskyy របស់អ៊ុយក្រែននៅថ្ងៃដំបូងចូលកាន់តំណែងរបស់លោក កាលពីថ្ងៃចន្ទ។ លោកបាននិយាយថា លោកនឹងប្រាប់លោក Zelenskyy ថា នឹងមិនមាន «ការផ្លាស់ប្តូរ» ឡើយ នៅក្នុងគោលនយោបាយរបស់ទីក្រុងឡុងដ្រ៍ ពាក់ព័ន្ធនឹងអ៊ុយក្រែន ហើយថា លោកនឹងនៅជាមួយមេដឹកនាំអ៊ុយក្រែន ១០០ភាគរយ៕