ទីក្រុងចំនួន ៣ នៅភាគកណ្តាលនៃប្រទេសជប៉ុន នាថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានមានសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ដែដែលជាការកត់សម្គាល់ជាផ្លូវការនូវ «Kokushobi» ឬ «ថ្ងៃក្តៅខ្លាំងស្ទើរទ្រាំមិនបាន» ជាលើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីភ្នាក់ងារឧតុនិយមបានដាក់ឱ្យប្រើប្រាស់ពាក្យនេះ កាលពីដើមឆ្នាំ២០២៦ ដើម្បីព្រមានសាធារណជន អំពីកម្ដៅហួតហែងខ្លាំង។
ដោយសារប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់ លើប្រជុំកោះជប៉ុនភាគច្រើន ទីក្រុង Tajimi និង Gujo ក្នុងខេត្ត Gifu បានកត់ត្រាសីតុណ្ហភាព ៤០,៣អង្សាសេ និង ៤០អង្សាសេរៀងៗខ្លួន ខណៈដែលអាកាសធាតុ នៅទីក្រុង Toyoda ក្នុងខេត្ត Aichi បានឡើងដល់ ៤០,១អង្សាសេ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។
ពាក្យ «kokushobi» ដែលត្រូវបានបង្កើតឡើងក្នុងខែមេសា សំដៅទៅលើថ្ងៃដែលសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ហើយមានបំណងជូនដំណឹងដល់សាធារណជនកាន់តែមានប្រសិទ្ធភាព អំពីកំដៅដ៏គ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ខ្លួនរំពឹងថា សីតុណ្ហភាពនឹងនៅតែខ្ពស់នៅក្នុងតំបន់ជាច្រើននៃប្រទេស ចាប់ពីថ្ងៃពុធតទៅ ហើយបានជំរុញឱ្យសាធារណជនចាត់វិធានការបង្ការ ដើម្បីទប់ទល់នឹងជំងឺទាក់ទងនឹងកម្ដៅ។
ទីភ្នាក់ងារ បានបន្ថែមថា តំបន់ផ្សេងទៀតដែលបានកត់ត្រាសីតុណ្ហភាពជិត ៤០អង្សាសេ រួមមានទីក្រុង Nagoya ដែលឡើងដល់ ៣៩,៧អង្សាសេ និងទីក្រុង Kumagaya ក្នុងខេត្ត Saitama ដែលបានកត់ត្រា ៣៨,៦អង្សាសេ៕