ប្រទេសកូវ៉ែត បានឱ្យដឹងនៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះថា រោងចក្រផលិតថាមពលអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រជាច្រើនកន្លែង បានរងការវាយប្រហារពីអ៊ីរ៉ង់ ដែលជាថ្ងៃទី៤ ជាប់ៗគ្នា ដោយបានបង្កជាអគ្គិភ័យឆាបឆេះ នៅតាមទីតាំងជាច្រើន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងអគ្គិសនី ទឹក និងថាមពលកកើតឡើងវិញ បានឱ្យដឹងថា ការវាយប្រហារទាំងនេះបានកើតឡើងកាលពីល្ងាចថ្ងៃច័ន្ទ ក្នុងអំឡុងពេលមានការវាយប្រហាររបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ លើប្រទេសឈូងសមុទ្រមួយនេះ។
ក្រសួងបានបញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់ ដែលធ្វើការជាមួយកងកម្លាំងពន្លត់អគ្គិភ័យកូវ៉ែត និងភ្នាក់ងារសន្តិសុខ បានឆ្លើយតបភ្លាមៗ និងបានគ្រប់គ្រងអគ្គិភ័យ។ ក្រសួងបានបន្ថែមថា អាជ្ញាធរបានវាយតម្លៃការខូចខាតដែលបណ្តាលមកពីការវាយប្រហារនេះ ខណៈពេលដែលក្រុមបច្ចេកទេស បានចាប់ផ្តើមជួសជុល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តាររោងចក្រដែលរងផលប៉ះពាល់ឡើងវិញ។
យោងតាមក្រសួងដដែល បានឱ្យដឹងទៀតថា អង្គភាពផលិតថាមពលជាច្រើនត្រូវបានបញ្ឈប់ប្រតិបត្តិការស្របតាមនីតិវិធីប្រតិបត្តិការប្រុងប្រយ័ត្ន ដើម្បីការពារឧបករណ៍ និងរក្សាស្ថិរភាពនៃប្រព័ន្ធអគ្គិសនី និងទឹករបស់ប្រទេសកូវ៉ែត។
អ៊ីរ៉ង់បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនលើរោងចក្រថាមពល Al Zour របស់កូវ៉ែត។ សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ចាប់តាំងពីសប្តាហ៍មុន ហើយអ៊ីរ៉ង់បានសងសឹកវិញ ដោយការវាយប្រហារដែលកំណត់គោលដៅលើរោងចក្រ និងមូលដ្ឋានដែលខ្លួនប្រាប់ថា ត្រូវបានប្រើប្រាស់ដោយយោធាអាមេរិក នៅក្នុងប្រទេសក្នុងតំបន់នេះជាច្រើន៕