យោងតាមប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya បានឱ្យដឹងថា ប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ។
លោក Momeni បានទៅដល់រដ្ឋធានីរបស់ប៉ាគីស្ថានដែលប្រទេសសម្របសម្រួល កាលពីថ្ងៃចន្ទ។ ប្រភពមួយបានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា រដ្ឋមន្ត្រីរូបនោះនឹងជួបពិភាក្សាជាមួយមន្ត្រីប៉ាគីស្ថាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយថា តើដំណើរទស្សនកិច្ចនេះមានជាប់ទាក់ទងនឹងកិច្ចប្រឹងប្រែងសម្របសម្រួលយូរមកហើយរបស់ប៉ាគីស្ថាន ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែរ ឬយ៉ាងណា។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហាញសញ្ញានៅថ្ងៃចន្ទនេះថា ការផ្លាស់ប្តូរការទូតជាមួយសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល កំពុងបន្ត ទោះបីជាមានការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសនេះក៏ដោយ។
ប៉ាគីស្ថានបានលើកឡើងកាលពីសប្តាហ៍មុនថា ខ្លួននឹងជំរុញប្រទេសដែលកំពុងធ្វើសង្គ្រាមឱ្យបញ្ឈប់អំពើហិង្សា និងបន្តការចរចាក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលខ្លួនបានជួយសម្របសម្រួល កាលពីខែមុន។
កិច្ចព្រមព្រៀងបណ្តោះអាសន្ន និងផ្លូវដែលអាចមានឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមជាអចិន្ត្រៃយ៍ បានស្ថិតក្នុងភាពមិនច្បាស់លាស់ នៅពេលដែលការប្រយុទ្ធគ្នាថ្មីបានផ្ទុះឡើងនៅខែនេះ៕