អគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ខាងត្បូង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ គាំទ្រដល់វិស័យអប់រំ តាមយៈការកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព ដើម្បីបង្កើតធនធាន មនុស្សឱ្យមានសក្តានុពល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ខាងត្បូងស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំនេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុង ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សា
ទាន់សម័យ ការសាងសង់ និងការជួសជុលអគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្ស គ្រប់ទីកន្លែងមានឱកាស ទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។ ជាក់ស្តែងអគារសិក្សាថ្មីខាងលើនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះនៃ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការៈនិងការលះ បង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្ត ឱ្យមានការរីក ចម្រើន។ គោលបំណងធំរបស់ឯកឧត្តម ក្នុងនាមអ្នកខេត្តកំពង់ធំ គឺដើម្បីផ្ដល់នូវលទ្ធភាពខ្ពស់បំផុត ដើម្បីសិស្សានុសិស្សបានសិក្សា រៀនសូត្រ ក្លាយជាអ្នកចេះដឹង ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត លោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិធីសាស្ត្របង្រៀន ជាពិសេសប្រើប្រាស់បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋាន ពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យកុមារបន្សំខ្លួនទៅនឹងការវិវត្តនៃពិភពលោកសម័យទំនើប។
លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគូ អ៊ំ ពូ មីង អាណាព្យាបាលសិស្ស បងប្អូន ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ៣៥៤ នាក់ រួមមាន៖ ឧបត្ថម្ភសាលាបឋមសិក្សាចំបក់ខាងត្បូងចំនួន ២ លានរៀល,
ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលស្រុក ឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ សរុប៦១រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និង ថវិកា ៣ ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន១៥០រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ១៤៣ រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល។
នៅថ្ងៃដ៏ដែលនេះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ជូនដល់គ្រួសារខ្វះខាតដែលជាស្រ្តីមេម៉ាយ រស់នៅក្នុងឃុំតាំក្រសាំង ស្រុកសន្ទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ចំណងដៃថ្ងៃឡើងផ្ទះថ្មីនោះផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី









