ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃអង្គារ ២១ កក្កដា សប្ដាហ៍នេះ ថាសហរដ្ឋអាមេរិក «មិនទាន់ចប់» ការវាយប្រហារលើអ៊ីរ៉ង់ទេ ខណៈទីក្រុងតេអេរ៉ង់បានពង្រីកការវាយប្រហារលើរដ្ឋឈូងសមុទ្រ បន្ទាប់ពីសម្ព័ន្ធមិត្តក្រុមហ៊ួទី (Houthi) របស់ខ្លួនបានគំរាមបិទកំពង់ផែអារ៉ាប៊ីសាអ៊ូឌីត។

ពីរសប្តាហ៍បន្ទាប់ពីការប្រយុទ្ធគ្នាបានបន្តឡើងវិញរវាងគូសត្រូវរាប់ទសវត្សរ៍ លោក Trump បាននិយាយថា អ៊ីរ៉ង់នឹងត្រូវការពេលជាង២០ឆ្នាំដើម្បីស្តារឡើងវិញពីការខូចខាតដែលបង្កឡើងក្នុងសង្គ្រាមមជ្ឈិមបូព៌ា។ លោកថា ប្រសិនបើពួកលោកចាកចេញឥឡូវនេះ ប្រទេសនេះនឹងចំណាយពេល២០ទៅ២៥ឆ្នាំដើម្បីកសាងឡើងវិញ។ពួកលោកមិនទាន់ចប់ទាល់តែសោះ ពួកលោកមិនចាកចេញឥឡូវនេះទេ។

ការព្រមាននេះបានកើតឡើង ខណៈប្រទេសហ្ស៊កដានី កូវ៉ែត និងបារ៉ែន បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ ហើយខណៈលោកTrump ប្រើប្រាស់កិច្ចប្រជុំនៅសេតវិមានជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ដើម្បីសន្យាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ផុយស្រួយរបស់លោកក្នុងការដកហូតអាវុធពីក្រុមហេសបូឡានិងឆ្ពោះទៅរកសន្តិភាពជាមួយអ៊ីស្រាអែល។
បារ៉ែននិយាយថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហាររបស់អ៊ីរ៉ង់ ខណៈសំឡេងស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើងម្តងហើយម្តងទៀត ស្របពេលកូវ៉ែត និងហ្ស៊កដានី បាននិយាយថា ពួកគេបានស្ទាក់ចាប់ការវាយប្រហារដោយយានដ្រូន និងមីស៊ីល។ កូវ៉ែតនិយាយថា ទីក្រុងតេអេរ៉ង់ បានវាយប្រហាររោងចក្រថាមពល និងរោងចក្របន្សាបទឹកប្រៃអស់រយៈពេលជាច្រើនថ្ងៃ រួមទាំងនៅថ្ងៃចន្ទ ដែលបង្ខំឱ្យប្រជាជនត្រូវផ្លាស់ប្ដូរវេនប្រើថាមពល។កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបញ្ជាក់ពីការវាយប្រហារមួយលើប្រទេសហ្ស៊កដានី ដោយនិយាយថាពួកគេបានកំណត់គោលដៅលើបរិវេណមួយដែលមានកង កម្លាំងភេរវករអាមេរិកស្នាក់នៅក្នុងតំបន់ Rukban៕

