ទឹកជំនន់បានបំផ្លាញលំនៅឋាន រថយន្ត និងដីចំការនៅតំបន់ Coquimbo របស់ប្រទេសឈីលី បន្ទាប់ពីជ្រោះជ្រៅ Santa Gracia បានជន់លិច ហើយបានបញ្ជូនទឹកនិងកម្ទេចកម្ទីហូរកាត់តំបន់នោះ។

ប្រជាជននិយាយថា ពួកគេបានឮសូសំឡេងថ្មកំពុងបាក់ខណៈទឹកកើនឡើង ហើយការប្រកាសអាសន្នត្រូវបានផ្ញើទៅកាន់ទូរស័ព្ទដៃ ក្នុងពេលដែលទឹកជំនន់បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Bio Bio បានឲ្យដឹងថា មនុស្សជាង១០០នាក់បានរងផលប៉ះពាល់ដោយសារតែទឹកជំនន់ ហើយលំនៅឋាន រថយន្ត និងទ្រព្យសម្បត្តិត្រូវបានបំផ្លាញខណៈមនុស្សជាង១០០នាក់កំពុងជ្រកកោននៅសាលារៀន El Islon។

ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឈីលីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះដែលបានវាយប្រហារតំបន់នានាមានចំនួន១០នាក់។
លំនៅឋានរបស់ពលរដ្ឋជាង ៣.០០០ខ្នងបានរងការខូចខាត និងពលរដ្ឋជាង១សែននាក់បានស្ថិតនៅដាច់ឆ្ងាយ បន្ទាប់ពីផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់។