អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញវិស័យទេសចរណ៍។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាល់គ្រប់ជំនួយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដែលបានផ្តល់ជូនកម្ពុជាតាំងពីដើមរៀងមក ដែលជំនួយទាំងនោះពិតជាបាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវការចូលរួមពី ភាគីជប៉ុនលើគម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុជាជំហានបន្តបន្ទាប់ និងបានសម្តែងនូវការ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មការទូតយ៉ាងសកម្មពេញមួយអាណត្តិការងារនៅ កម្ពុជា ធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត។
ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លង ដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់ លំហូរពាណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងសម្របសម្រួលការធ្វើដំណើរទៅមកដោយរលូនរបស់ប្រជាជននៅក្នុងតំបន់នោះ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីជប៉ុនអំពីការងារកំណែទម្រង់ផ្ទៃក្នុងស្ថាប័ន ក.អ.ក. ដើម្បីលើកកម្ពស់ ឧត្តមភាពនៃការអនុវត្តការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្កើនភាពងាយស្រួល ព្រម ទាំងបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។
ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេស ការចូលរួមយ៉ាងសកម្មពីសំណាក់ ក.អ.ក.។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធ នឹងការជំរុញ យន្តការរាជរដ្ឋាភិបាលនិងផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុនជាដើម។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូចជាបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) និងវិវាទិ៍ព្រំដែនយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាង លឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និងលក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជាថ្មី នូវការគាំទ្រពេញទំហឹង លើគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជា ធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតី ភាពដូចដើមវិញនាពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី






