សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំការប្រកួត ចំបាច់កាច់ដៃ ដើម្បីចូលរួមជំរុញយុទ្ធនាការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍នៅរដូវកាលបៃតង ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធ ដូច្នេះ សាធារណៈជន បងប្អូន អ្នកសេ្នហាវិស័យកីឡាចំបាប់កាច់ដៃទាំងអស់មេត្តាជ្រាបថា សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍ “កីឡាចំបាច់កាច់ដៃ” រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមជម្រាបថា ការប្រកួត”កីឡាចំបាច់កាច់ដៃ” មានប្រភេទវិញ្ញាសា ចំនួន៣ រួមមាន វិញ្ញាសា បុរស៖ ទម្ងន់ ៨៥ គីឡូក្រាម (ដៃស្តាំ) វិញ្ញាសា បុរស ៖ ទម្ងន់ ៦៥ គីឡូក្រាម (ដៃស្តាំ) និងវិញ្ញាសា នារី ៖ ទម្ងន់ ៥៥ គីឡូក្រាម (ដៃស្តាំ)។
មួយវិញទៀតដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវ ដែលចូលរួមទស្សនា និងកម្សាន្តសប្បាយ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុសហការជាមួយ ក្រុមហ៊ុនឯកជន និងអង្គភាពជំនាញពាក់ព័ន្ធ រៀបចំការប្រគុំតន្ត្រី ការសម្តែងសិល្បៈប្រពៃណីខ្មែរ និងកីឡាមួយចំនួនដូចជា ប្រដាល់គុណខ្មែរ បាល់ទះលើឆ្នេរខ្សាច់ ប្រកួតវាយកូនឃ្លីលើតុ និងកីឡាចំបាប់កាច់ដៃ រួមជាមួយការតាំងពិព័រណ៍ផលិតផល និងម្ហូបអាហារក្នុងស្រុកជាច្រើនផ្សេងៗទៀត ដែលនឹងថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕