សមាគមសហគ្រិនស្រ្តីកម្ពុជា បង្កើតជំនួបបណ្តាញធុរកិច្ច ដើម្បីពង្រីកឱកាសទីផ្សារ ការស្វែងរកដៃគូសហការសេដ្ឋកិច្ច និងបង្កើន ការគាំទ្រផលិតផលរបស់សមាជិកា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសហគ្រិនជាស្រ្តី និងបណ្ដាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុង កម្រិតជាតិ និងអន្តរជាតិ។
សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បង្កើតកម្មវិធី «ជំនួបបណ្តាញធុរកិច្ច (Business Networking)» និងពិធីសម្ពោធ បើកការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព» ជំនួបបណ្តាញធុរកិច្ចគឺជា សកម្មភាពតភ្ជាប់រវាងម្ចាស់អាជីវកម្ម សហគ្រិន និងអ្នកវិនិយោគ ដើម្បីបង្កើតទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកដៃគូសហការ និងពង្រីកទីផ្សារ នេះជាការផ្តល់ឱកាសមាសដល់ធុរជនក្នុងការជួបជុំគ្នា។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងថា កម្មវិធីដ៏មានសារៈសំខាន់នេះ រៀបចំ ឡើងក្នុងគោលបំណងពង្រីកឱកាសទីផ្សារ ស្វែងរកដៃគូសហការសេដ្ឋកិច្ច និងបង្កើនការគាំទ្រផលិតផលរបស់សមាជិកា នៅក្នុងស្ថាន ភាពកំពុងប្រឈម ដើម្បីឱ្យសហគ្រិនជាស្រ្តីអាចឈរជើងបាន នៅក្នុងកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ទាំងការផលិត និងការលក់នៅ លើទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកា និងបណ្ដាញសមាគមធុរកិច្ចផ្សេងៗ ទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។ ក្នុងពិធីនេះដែរ លោកជំទាវបានចែករំលែកនូវបទពិសោធន៍ និងគន្លឹះជោគជ័យនៅក្នុងការធ្វើអាជីវកម្ម ដើម្បីរួមគ្នាលើកកម្ពស់សហ- គ្រិនស្រ្តី ឱ្យក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពង្រឹងសមភាពយេនឌ័រ និងកាត់បន្ថយ ភាពក្រីក្រ។
ក្នុងឱកាសនោះដែរ, លោកជំទាវ ទ្រី សុខណា ប្រធានគម្រោង និងជាសមាជិកាក្រុមប្រឹក្សាភិបាល និងលោកជំទាវអ្នកឧកញ៉ា តាំង ហ្គិចលៀង ម្ចាស់ឧបត្ថម្ភផ្តាច់មុខ ក៏បានលើកឡើងពីការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមលើកទី៣ ប្រចាំឆ្នាំ២០២៦ គឺមាន គោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើតភាពអង់អាចក្លាហានដល់សហគ្រិនស្ត្រីលើវិសយ័ធុរកិច្ច និងលើកទឹកចិត្តដល់សមាជិកា សមាគមសហគ្រិនស្ត្រីកម្ពុជាចូលរួមចុះឈ្មោះ ដើម្បីប្រកួតទៅតាមជំនាញអាជីវកម្មរៀងៗខ្លួន។
សូមបញ្ជាក់ថា នៅក្នុងជំនួបបណ្តាញធុរកិច្ចនេះដែរ បានបង្កើតនូវបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយថាមពលធុរកិច្ច ទាំង ភ្ញៀវជាតិនិងអន្តរជាតិ បានរួមគ្នាបង្កើតបណ្ដាញទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ និងការផ្គូរផ្គងពាណិជ្ជកម្ម ព្រមទាំងបាន ទស្សនាស្តង់តាំងបង្ហាញនូវផលិតផលជាច្រើនមុខ៕ អត្ថបទ៖ សុន រ៉ាឌី



