លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅសប្តាហ៍នេះ មុនកិច្ចប្រជុំកំពូលដែលអាចកើតមានរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ទោះបីជាលោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការព្រួយបារម្ភជាមួយប្រទេសចិនជុំវិញការចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតក៏ដោយ។

មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា លោក Rubio និងលោក Wang នឹងជួបគ្នានៅទីក្រុងម៉ានីល ជាទីដែលរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន )ចំនួន១១ ប្រទេស និងដៃគូសំខាន់ៗបានជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសកលជាច្រើន។

ក្រុមអ្នកវិភាគបាននិយាយថា កិច្ចប្រជុំរបស់លោក Rubio ជាមួយសមភាគីចិនរបស់លោក ទំនងជាផ្តោតលើការរៀបចំសម្រាប់កិច្ចប្រជុំលើកទីពីររវាងលោក Trump និងលោក Xi បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាកាលពីខែឧសភាឆ្នាំ២០២៦ នេះ នៅរដ្ឋធានីប៉េកាំងប្រទេសចិន។

លោក Trump បាននិយាយថា លោក Xi នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញា ហើយលោក Rubio កាលពីថ្ងៃអាទិត្យបាននិយាយថា កិច្ចប្រជុំកំពូលនេះនៅតែត្រូវបានរំពឹងទុក។ ប្រទេសចិនមិនទាន់បានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។លោក Rubio បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលរូបលោកចេញដំណើរទៅចូលរួមជំនួបអាស៊ាន នៅប្រទេសហ្វីលីពីនថា រូបលោកគ្មានហេតុផលដើម្បីជឿថាពួកគេនឹងមិនមកនោះទេ។ វាជារឿងសំខាន់។កិច្ចព្រមព្រៀងផ្អាកសង្គ្រាមដំឡើងពន្ធដ៏ផុយស្រួយរវាងមហាអំណាចពិភពលោកទាំងពីរអាចមានភាពស្មុគស្មាញដោយសារការចោទប្រកាន់ឡើងវិញរបស់លោក Trump កាលពីសប្តាហ៍មុនអំពីការជ្រៀតជ្រែករបស់ចិនក្នុងការបោះឆ្នោតអាមេរិក ជាការអះអាងដែលទីក្រុងប៉េកាំងបានបដិសេធ៕