មន្ត្រីសន្តិសុខជាន់ខ្ពស់លីបង់ម្នាក់បាននិយាយថា កងទ័ពរបស់ប្រទេសលីបង់ បានចាប់ផ្តើមដាក់ពង្រាយនៅក្នុងទីក្រុង Zawtar al-Gharbiyeh ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះ ស្របតាមផែនការដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ផែនការនេះរំពឹងទុកថាកងទ័ពលីបង់នឹងរឹបអូសអាវុធពីក្រុមហេសបូឡាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ និងការដកកងទ័ពអ៊ីស្រាអែលជាដំណាក់កាល។ យោធាអ៊ីស្រាអែល បាននិយាយថា ផែនការដែលមានឈ្មោះថាកម្មវិធីតំបន់សាកល្បង បានចាប់ផ្តើមហើយ។

កងទ័ពលីបង់ បាននិយាយនៅពេលក្រោយមកថា កងកម្លាំងអ៊ីស្រាអែលបានបាញ់នៅជិតអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលដាក់ពង្រាយកងទ័ព ដោយព្រមានថាឧបទ្ទវហេតុនេះអាចរារាំងចំណាត់ការដែលកំពុងត្រូវបានអនុវត្ត។ យោធាអ៊ីស្រាអែល និយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅលើអាកាស បន្ទាប់ពីបុគ្គលិកកងទ័ពលីបង់អមដោយយានយន្តវិស្វកម្មមួយគ្រឿងបានឆ្លងកាត់ប្រហែល១៥០ ម៉ែត្រចូលទៅក្នុងអ្វីដែលខ្លួនហៅថាជាតំបន់សន្តិសុខនៅជិតក្រុង Zawtar al-Sharqiyeh ហើយបានបំពានរបាំង។ ការប្រគល់ទឹកដីកាលពីថ្ងៃអង្គារ គឺជាការសាកល្បងដំបូងនៃផែនការដែលប្រទេសលីបង់សង្ឃឹមថានឹងអាចឱ្យខ្លួនស្តារឡើងវិញការគ្រប់គ្រងទឹកដីមួយកន្លែងមានជម្រៅចូលជ្រៅប្រហែល ១០ គីឡូម៉ែត្រទៅក្នុងប្រទេសដែលនៅតែកាន់កាប់ដោយកងទ័ពអ៊ីស្រាអែល។