ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការផ្ទេរសម្រេច ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេស Morgan Rogers ពី Aston Villa ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០៣៣។
ទោះបីជាក្លិបទាំងពីរមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅចក្រភពអង់គ្លេសបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ ១១៧ លានផោន (ប្រហែល ១៥៧ លានដុល្លារអាមេរិក) ដែលធ្វើឱ្យកីឡាករវ័យ ២៣ ឆ្នាំរូបនេះក្លាយជាកីឡាករជនជាតិអង់គ្លេសមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
ចំនួនទឹកប្រាក់នេះ ត្រូវបានគេរាយការណ៍ថា លើសកំណត់ត្រាមុន ដែល Manchester City បានចំណាយរហូតដល់ ១១៦ លានផោន ដើម្បីផ្ទេរខ្សែបម្រើ Elliot Anderson ពី Nottingham Forest កាលពីដើមខែនេះ។
សម្រាប់ Chelsea នេះក៏ជាការបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតរបស់ក្លិបផងដែរ ដោយលើសពីការផ្ទេរខ្សែបម្រើជម្រើសជាតិអេក្វាឌ័រ Moisés Caicedo ដែលបានមកពី Brighton & Hove Albion ក្នុងតម្លៃប្រមាណ ១១៥ លានផោន កាលពីឆ្នាំ២០២៣។
រំលឹកថា Morgan Rogers គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ West Bromwich Albion និងធ្លាប់ចំណាយពេលនៅ Manchester City រយៈពេល ៤ ឆ្នាំពីឆ្នាំ ២០១៩ ដល់ ២០២៣ ដែលអំឡុងពេលនោះ រូបគេត្រូវបានក្លិបបញ្ចេញឱ្យក្លិបផ្សេងខ្ចីរហូតរួមមាន Lincoln City, Bournemouth និង Blackpool។
ក្រោយមក Rogers ក៏បានផ្លាស់ទៅកាន់ Middlesbrough ក្នុងតម្លៃផ្ទេរបិទជិតមួយ។ លេងបានត្រឹមមួយរដូវកាលប៉ុណ្ណោះ Morgan Rogers ក៏បានផ្លាស់មកកាន់ Aston Villa ក្នុងតម្លៃផ្ទេរ ៨ លានផោន បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេង ៧ លានផោន។
សម្រាប់ការផ្ទេរមកកាន់ Chelsea តម្លៃ ១១៧ លានផោននេះដែរ Middlesbrough ក៏នឹងទទួលបាន ២០.៣ លានផោនផងដែរ ក្នុងកិច្ចសន្យាលក់បន្តដែលបានចងជាមួយ Aston Villa៕ អត្ថបទ៖នាង សុភាវុធ
