លោក Javier Tebas ប្រធានលីគបាល់ទាត់ La Liga របស់អេស្ប៉ាញ បានអំពាវនាវឱ្យលោក Gianni Infantino លាលែងពីតំណែងជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ដោយអះអាងថា ការដឹកនាំរបស់លោកកំពុងបំផ្លាញបាល់ទាត់។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលី La Gazzetta dello Sport លោក Tebas បានរិះគន់ការសម្រេចចិត្តមួយចំនួនរបស់ FIFA ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោក ២០២៦ រួមមាន ការផ្តល់ពេលសម្រាកផឹកទឹក (Hydration Breaks) ការពន្យារពេលសម្រាកតង់ទីមួយក្នុងវគ្គផ្តាច់ព្រ័ត្រឱ្យយូរជាងធម្មតា រឿងរ៉ាវលុបចោលការពិន័យ Folarin Balogun ក្រោមការអន្តរាគមរបស់ Donald Trump និងគម្រោងពង្រីកការប្រកួត World Cup នាពេលអនាគតឱ្យមានរហូតដល់ ៦៤ ក្រុម។
នៅពេលត្រូវបានសួរថា តើលោក Infantino គួរតែលាលែងពីតំណែងឬអត់ លោក Tebas បានឆ្លើយថា តាមទស្សនៈរបស់លោក លោក Infantino គួរតែដល់ពេលលាលែងហើយ តែគ្មានបេក្ខជនប្រកួតប្រជែងទេ ព្រោះគ្មានអ្នកណាចង់ឈរឈ្មោះ ព្រោះអ្នកឈរឈ្មោះដឹងថាខ្លួននឹងចាញ់ឆ្នោតទៅហើយ។
លោក Tebas ដែលបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីទស្សនាការប្រកួត World Cup 2026 និងអបអរសាទរជ័យជម្នះរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បានអះអាងថា មានមនុស្សជាច្រើននៅទីនោះមិនពេញចិត្តនឹងការដឹកនាំរបស់ Infantino ប៉ុន្តែពួកគេមិនហ៊ានធ្វើអ្វីឡើយ។
លោក Tebas ក៏បានបញ្ជាក់ថា លោក Infantino ត្រូវបានគេរំពឹងថានឹងជាប់ឆ្នោតបន្តអាណត្តិទីបួន ក្នុងមហាសន្និបាត FIFA តែលោកយល់ថា បញ្ហាពាក់ព័ន្ធនឹងករណីរបស់ Folarin Balogun អាចជាហេតុផលមួយដែលធ្វើឱ្យប្រធាន FIFA រូបនេះបាត់បង់ការគាំទ្រ។
ជុំវិញការសម្រេចចិត្តនេះ UEFA បានចេញមុខរិះគន់ FIFA ដោយចាត់ទុកថា វាជាការសម្រេចចិត្ត មិនធ្លាប់មាន មិនអាចយល់បាន និងគ្មានហេតុផលគ្រប់គ្រាន់។ បញ្ហានេះក៏ជាមូលហេតុមួយដែលធ្វើឱ្យប្រធាន UEFA លោក Aleksander Ceferin មិនបានចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ផងដែរ។
ជាមួយគ្នានេះ លោក Tebas ក៏បានជំទាស់នឹងគំនិតរបស់ Infantino ក្នុងការពង្រីកការប្រកួត FIFA World Cup ឱ្យមាន ៦៤ ក្រុមនៅពេលអនាគតផងដែរ៕ អត្ថបទ៖នាង សុភាវុធ
