
នៅពីថ្ងៃទី៤ ខែឧសភានេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ បន្តចែកជូនប្រជាពលរដ្ឋ ជនជាតិភាគតិច ដែលងាយរងគ្រោះបំផុត ចំនួន១៨៤គ្រួសារទៀត រស់នៅតំបន់ដាច់ស្រយាល នៃស្រុកចិត្របុរី ខេត្តក្រចេះ។
កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធានបានចាត់តាំងឱ្យក្រុមការងារ បន្តនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ និងគ្រួសារជនជាតិភាគតិចព្នង ដែលងាយរងគ្រោះបំផុតចំនួន ១៨៤គ្រួសារទៀត រស់នៅតំបន់ដាច់ស្រយាល នៃស្រុកចិត្របុរី ខេត្តក្រចេះ។
ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបញ្ជាក់ថា «ក្នុងបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តក្រចេះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការគាំទ្រពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ព្រះធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចាត់ឱ្យក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងឱ្យឃើញពីអ្នកងាយរងគ្រោះបំផុត ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំជនពិបាកនឹងធ្វើដំណើរទៅដល់ ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា»។
ជាក់ស្តែងនៅថ្ងៃនេះក្រុមការងារបានបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រួសារជនជាតិភាគតិចព្នងសរុបបានចំនួន១៨៤គ្រួសារ រស់នៅក្នុងឃុំកន្ទួត ឃុំដារ ឃុំចង្ក្រង និងឃុំថ្មី ដែលធ្វើឡើងចំនួន៥ទីតាំងផ្សេងគ្នា ទី១ ក្នុងភូមិអង្ក្រង ឃុំកន្ទួត មាន៣ភូមិ សម្រាប់ប្រជាពលរដ្ឋ ២៥គ្រួសារ, ទី២ ភូមិអន្ទង់វៀន ឃុំកន្ទួត មាន៣ភូមិ សម្រាប់ប្រជាពលរដ្ឋ ២៥គ្រួសារ, ទី៣ ឃុំដារ មាន៣ភូមិ សម្រាប់ប្រជាពលរដ្ឋ ៣៧គ្រួសារ, ទី៤ ឃុំអង្ក្រង មាន៥ភូមិ សម្រាប់ប្រជាពលរដ្ឋ ៣៩គ្រួសារ,ទី៥វត្តដូនដី ឃុំថ្មី មាន៧ភូមិ សម្រាប់ប្រជាពលរដ្ឋ ៥៦គ្រួសារ។
ក្នុងឱកាសជួបសំណេះសំណាលនោះឯកឧត្តម អ៊ុយ សំអាត បាននាំព្រះរាជបណ្តាំសួរសុខទុក្ខ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ចំពោះលោកតាលោកយាយទាំងអស់នៅទីនេះ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។
ជាមួយគ្នានេះដែរឯកឧត្តម ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះ គ្រោះធម្មជាតិ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕












