ក្រសួងការបរទេសបារាំងកាលពីថ្ងៃអង្គារ បានកោះអញ្ជើញភារធារីអ៊ីរ៉ង់ ពីរថ្ងៃបន្ទាប់ពីខ្លួនបាននិយាយថា បុគ្គលិកស្ថានទូតបារាំង ត្រូវបានឃុំខ្លួន និងគំរាមកំហែងដោយសេវាសន្តិសុខអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់។

ក្រសួងបាននិយាយថា៖«បារាំងរំពឹងថា អាជ្ញាធរអ៊ីរ៉ង់នឹងបំភ្លឺអំពីហេតុការណ៍នេះ ដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្ត និងធានាសន្តិសុខដល់ទីតាំង និងបុគ្គលិករបស់ខ្លួន ស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ»។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បាននិយាយកាលពីថ្ងៃចន្ទថា លោកបានលើកយកបញ្ហានេះពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក Abbas Araqchi ដោយព្រមានថា ហេតុការណ៍នេះ នឹងមានផលវិបាកជាក់ស្តែង។
លោក Araqchi បានបង្ហោះនៅលើគណនី Telegram របស់លោកកាលពីថ្ងៃអង្គារថា លោកបានប្រាប់លោក Barrot ថា សកម្មភាព «មិនស្របតាមទម្លាប់ និងខ្វះវិជ្ជាជីវៈ» របស់អ្នកការទូតបារាំងពីររូប គឺជា «អ្វីដែលមិនអាចទទួលយកបាន» ហើយបានជំរុញឲ្យទីក្រុងប៉ារីសទប់ស្កាត់កុំឲ្យហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងម្តងទៀត៕

