ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បានព្រមានថា ជម្លោះ និងការរំខានដល់ទីផ្សារថាមពលសកល អាចជំរុញឲ្យមនុស្សរាប់លាននាក់បន្ថែមទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ដោយធ្វើឲ្យតម្លៃប្រេងឥន្ធនៈ ជី និងអាហារកើនឡើង ខណៈដែលរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា វឌ្ឍនភាពសកលប្រឆាំងនឹងភាពអត់ឃ្លាន នៅតែផុយ ស្រួយ។

របាយការណ៍សន្តិសុខស្បៀងរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានរកឃើញថា ភាពស្រេកឃ្លាននៅទូទាំងពិភពលោក បានធូរស្រាលបន្តិចបន្តួច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានព្យាករថា មនុស្សជាង ៥០០ លាននាក់ នៅតែអាចប្រឈមនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ នៅឆ្នាំ២០៣០។ អាហ្វ្រិកត្រូវបានរំពឹងថា នឹងទទួលរងបន្ទុកធំបំផុតពីបញ្ហានេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១០ ខែកក្កដា លោក Alvaro Lario ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានដែលអាចកើតមានចំពោះការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការផ្គត់ផ្គង់ថាមពល រួមទាំងភាពមិនច្បាស់លាស់ជុំវិញច្រកសមុទ្រហ័រមូសអំឡុងសង្គ្រាមអ៊ីរ៉ង់ អាចធ្វើឲ្យមនុស្សបន្ថែមពី ៩ ទៅ ១៨ លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ប្រសិនបើវិបត្តិទាំងនេះ បន្តអូសបន្លាយ៕

