កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា សម្ព័ន្ធមិត្តណាតូកំពុងប្រឈមនឹងការផ្គត់ផ្គង់កប្បាសមិនគ្រប់គ្រាន់ ដែលជាសមាសធាតុសំខាន់មួយក្នុងការផលិតរំសេវគ្រាប់កាំភ្លើង។

យោងតាមសារព័ត៌មាននេះ សរសៃកប្បាសខ្លីៗ (linters) ដែលនៅសល់លើគ្រាប់កប្បាសបន្ទាប់ពីដំណើរការកែច្នៃ ត្រូវបានបម្លែងទៅជានីត្រូសែលុយឡូស (nitrocellulose) ដែលគេហៅថា កប្បាសរំសេវផង ដែរ។ ផលិតផលកប្បាសដែលងាយឆេះនេះ ត្រូវបានប្រើក្នុងការផលិតរំសេវសម្រាប់គ្រាប់កាំភ្លើងធំ។

ទោះបីជាសហរដ្ឋអាមេរិកផលិតសរសៃកប្បាសខ្លីៗភាគច្រើនដោយខ្លួនឯង ក៏ខ្លួនមានបំណងបង្កើនការ ផលិតសរសៃកប្បាសប្រភេទនេះ បន្ថែមទៀតផងដែរ។ កាសែត WSJ បានបន្តរាយការណ៍ថា ប្រទេសអឺរ៉ុបបានពឹងផ្អែកយូរមកហើយលើប្រទេសចិនសម្រាប់ការផ្គត់ផ្គង់សរសៃកប្បាសខ្លីៗ និងសមាសធាតុ ដែលផលិតចេញពីវា ដោយសារការដាំដុះកប្បាសនៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង។ សារព័ត៌មាននេះ បានសរសេរថា បច្ចុប្បន្ន រដ្ឋាភិបាលអឺរ៉ុបកំពុងស្វែងរកការបង្កើនការផលិតនីត្រូសែលុយឡូស ខណៈពួកគេកំពុងសិក្សារកជម្រើសផ្សេងទៀតជំនួសសរសៃកប្បាសខ្លីៗទាំងនោះ៕
