ក្រសួងការបរទេសបាននិយាយនៅព្រឹកថ្ងៃពុធនេះថា អេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍របស់កងជីវពលហ៊ូទីនៅប្រទេសយេម៉ែន ទាក់ទងនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមទាំងការគំរាមកំហែងដាក់ការបិទខ្ទប់ផ្លូវសមុទ្រផងដែរ។

ក្រសួងបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសសេចក្តីសម្រេចលេខ ២២១៦ ស្តីពីប្រទេសយេម៉ែន និង សេចក្តីសម្រេចលេខ ២៧២២ ស្តីពីសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម»។

ក្រសួងក៏បាននិយាយផងដែរថា សេរីភាពនៃការធ្វើនាវាចរណ៍នៅតាមផ្លូវទឹកអន្តរជាតិ គឺជា សិទ្ធិដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ និងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ក្រសួងក៏បានបញ្ជាក់សារជាថ្មីអំពីសាមគ្គីភាពពេញលេញរបស់អារ៉ាប់រួមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងការគាំទ្ររបស់ខ្លួនចំពោះ វិធានការទាំងអស់ដែលមានគោលបំណងការពារសន្តិសុខ និងស្ថិរភាពរបស់ព្រះរាជាណាចក្រនេះ៕