លោក Khalil al-Hayya បានឡើងកាន់តំណែងជាមេដឹកនាំរបស់ក្រុមហាម៉ាស នៅក្នុងពេលវេលាមួយដែលត្រូវបានចាត់ទុកថា គ្រោះថ្នាក់ និងស្មុកស្មាញបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមនេះ ខណៈដែលក្រុមហាម៉ាសកំពុងទប់ទប់ជាមួយអ៊ីស្រាអែល ក្នុងសង្គ្រាមមិនធ្លាប់មានពីមុនមក ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣។

ការបោះឆ្នោតជ្រើសរើសលោកជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានធ្វើឲ្យលោកក្លាយជាអ្នកដឹកនាំចលនាមួយ ដែលកំពុងស្ថិតក្រោមសម្ពាធយោធា និងនយោបាយយ៉ាងខ្លាំង ជិត ៤ ទសវត្សរ៍ បន្ទាប់ពីក្រុមនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៧។
មនុស្សជាច្រើនទាំងនៅក្នុង និងក្រៅក្រុមហាម៉ាស ចាត់ទុកលោក Khalil al-Hayyaថា ជាឥស្សរជនឈានមុខម្នាក់នៅក្នុងក្រុមនេះ ដែលប្តេជ្ញារក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់។ក្រុមនេះពីមុនត្រូវបានដឹកនាំដោយ Yahya al-Sinwar អតីតមេដឹកនាំហាម៉ាស ដែលត្រូវបានគេរាយការណ៍ថា បានដឹកនាំការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣។ លោក al-Hayyaធ្លាប់ជាអនុប្រធានរបស់លោក Sinwa នៅក្នុងថ្នាក់ដឹកនាំការិយាល័យហាម៉ាសប្រចាំតំបន់ហ្កាហ្សា។
ប្រភពចំនួនបីរបស់ក្រុមហាម៉ាស ដែលបានផ្តល់បទសម្ភាសន៍ដោយឡែកពីគ្នាដល់សារព័ត៌មាន Asharq Al-Awsat បាននិយាយថា អ្នកដែលពួកគេហៅថា «មិត្តភក្តិរបស់លោក ស៊ីនវ៉ារ» បានជំរុញឲ្យលោក al-Hayya ឈរឈ្មោះជាបេក្ខភាពទាំងក្នុង និងក្រៅដែនដីប៉ាឡេស្ទីន៕
