រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានទម្លាក់គ្រាប់បែកលើស្ថានីយរថភ្លើង និងកន្លែងផ្គត់ផ្គង់អាវុធផ្សេងទៀត ខណៈចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចពីបទផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន។

យោធារុស្ស៊ីបាននិយាយថា ខ្លួនបានប្រើប្រាស់មីស៊ីលបាញ់ពីសមុទ្រ និងតាមអាកាស ដើម្បីបំផ្លាញរោងចក្រថាមពលអគ្គិសនីនៅស្ថានីយរថភ្លើងចំនួន ៥កន្លែងទូទាំងប្រទេសអ៊ុយក្រែន ខណៈកាំភ្លើងធំ និងយន្តហោះក៏បានវាយប្រហារបន្ទាយទាហាន និងឃ្លាំងស្តុកប្រេងឥន្ធនៈ និងគ្រាប់រំសេវផងដែរ។ ការប្រកាសអាសន្នបានលាន់លឺនៅក្នុងទីក្រុងនានាទូទាំងប្រទេសកាលពីយប់ថ្ងៃពុធ និងមានការបាញ់មីស៊ីលទៅលើទីក្រុង Cherkasy និង Dnipro ក្នុងភាគកណ្តាលអ៊ុយក្រែន និងទីក្រង Zaporizhzhia នៅភាគអាគ្នេយ៍។ នៅទីក្រុង Dnipro អភិបាលក្រុងបាននិយាយថា ការបាញ់ផ្លោងមួយបានវាយប្រហារចំកណ្តាលទីក្រុង។ ពុំទាន់មានការបញ្ជាក់ពីការរងរបួស ឬការខូចខាតភ្លាមៗនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើយុទ្ធសាស្ត្រភេរវនិយមមីស៊ីល ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋនៅទូទាំងប្រទេសអ៊ុយក្រែន។

យោងតាមអភិបាលក្រុងឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏បានផ្ទុះឡើងផងដែរ កាលពីថ្ងៃពុធនៅរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol ដែលតំណាងឲ្យមូលដ្ឋានចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងដែលត្រូវបានបំផ្លាញ។ ប៉ុន្តែមន្ត្រីរុស្ស៊ីមួយរូបបានបដិសេធថា ទាហានរបស់ក្រុង Moscow មិនបានវាយលុកលើរោងចក្រនោះ ដូចដែលក្រុមមេបញ្ជាការអ៊ុយក្រែនបានអះអាងមួយថ្ងៃមុននោះទេ។ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីនឹងចាត់ទុកការដឹកជញ្ជូនអាវុធរបស់ណាតូនៅក្នុងអ៊ុយក្រែន ជាគោលដៅដែលត្រូវតែបាញ់កម្ទេចចោល៕
អត្ថបទ៖ សុខមាន