នាយករដ្ឋមន្ត្រីថ្មី លោក Andy Burnham បានយល់ព្រមឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលចក្រភពអង់គ្លេសហៅថា ការវាយប្រហារការពារ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយនេះជាការបន្តគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺលោក Keir Starmer ទោះបីជាប្រធានាធិបតី លោក Donald Trump បង្កើនសង្គ្រាមរបស់លោកក៏ដោយ។
បើយោងតាមប្រភពដែលដឹងពីបញ្ហានេះ បានឱ្យដឹងថា លោក Starmer បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីគោលនយោបាយអង់គ្លេស បន្ទាប់ពីមានការចាប់ផ្ដើមប្រតិបត្តិការរបស់សហរដ្ឋអាមេរិកឡើងវិញ នៅដើមខែនេះ។
ប្រភពនេះបានបញ្ជាក់ថា រដ្ឋមន្ត្រី អំឡុងកិច្ចប្រជុំនោះ បានសម្រេចបន្តគោលនយោបាយមានស្រាប់ ដែលអនុញ្ញាតឱ្យយន្តហោះសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព នៅកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា និងមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងតំបន់ Gloucestershire របស់ប្រទេសអង់គ្លេស សម្រាប់បេសកកម្ម ដែលមានបំណងទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីលរបស់អ៊ីរ៉ង់ និងទីតាំងទាំងឡាយដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើច្រកសមុទ្រ Hormuz។
ពួកគេបានបន្ថែមថា លោក Burnham ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ត្រូវបានជូនដំណឹងអំពីការពិភាក្សា និងយល់ស្របនឹងការសម្រេចចិត្តនេះ។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាការពិភាក្សា អំពីបញ្ហាសន្តិសុខ។
ប្រភពដដែលទាំងនេះ បានបញ្ជាក់ថា លោកនឹងបន្តគោលនយោបាយរបស់រដ្ឋាភិបាលមុន ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលចាត់ទុកថា ជាការវាយប្រហារការពារខ្លួន។ នេះបានន័យថា មូលដ្ឋានទ័ពអង់គ្លេសទំនងជានឹងត្រូវយកមកប្រើប្រាស់ សម្រាប់ប្រតិបត្តិការមួយចំនួនរបស់អាមេរិក ក្នុងជុំបច្ចុប្បន្ននេះ៕

