បណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក រួមទាំងទីភ្នាក់ងារសន្តិសុខនិងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខតាមអ៊ីនធឺណិត និងទីភ្នាក់ងារFBI បានចេញការណែនាំដោយព្រមានអង្គការអាមេរិកអំពី «សកម្មភាពតាមអ៊ីនធឺណិតដែលជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់កំពុងកំណត់គោលដៅលើ» ឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិត។

លោក Brett Leatherman ជំនួយការនាយកអង្គភាពសន្តិសុខតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតអ៊ីរ៉ង់ បន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយទីភ្នាក់ងារ FBI ប្តេជ្ញាកំណត់អត្តសញ្ញាណ ការធ្វើឲ្យរំខាន និងដាក់ការខាតបង់ទៅលើអ្នកដែលទទួលខុសត្រូវ»។

លោក Leatherman បាននិយាយបន្ថែមថា «ការណែនាំនេះ ផ្តល់ដល់អ្នកការពារបណ្តាញនូវព័ត៌មានដែលពួកគេត្រូវការដើម្បីកំណត់អត្តសញ្ញាណសកម្មភាពព្យាបាទ ពង្រឹងការការពាររបស់ពួកគេ និងកាត់បន្ថយឱកាសសម្រាប់ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់អ៊ីរ៉ង់ក្នុងការធ្វើឲ្យរំខានដល់សេវាសំខាន់ៗដែលពលរដ្ឋអាមេរិកពឹងផ្អែកលើ»។