រថយន្តដឹកទំនិញប្រហែល ៦០០ គ្រឿងនៅតែជាប់គាំងកាលពីថ្ងៃពុធ ទី ២២ ខែកក្កដា នៅក្នុងក្រុង Mendoza ប្រទេសអាហ្សង់ទីនជិតព្រំដែនជាមួយប្រទេសឈីលី បន្ទាប់ពីព្យុះព្រិលបានរារាំងច្រកអន្តរជាតិ Cristo Redentor រយៈពេលជិតមួយសប្តាហ៍។

វីដេអូពីយានដ្រូន បានបង្ហាញរថយន្តដឹកទំនិញរាប់រយគ្រឿងចតនៅក្នុងតំបន់ត្រួតពិនិត្យរួមគ្នា ជាកន្លែងដែលអ្នកបើកបរអាចរង់ចាំដោយសុវត្ថិភាពរហូតដល់អាជ្ញាធរបើកច្រកឆ្លងកាត់តំបន់ភ្នំឡើងវិញ។

អ្នកបើកបររថយន្ត ដែលដឹកជញ្ជូនទំនិញពីប្រទេសអាហ្សង់ទីន ប្រេស៊ីល និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ បានទទួលអាហារ និងទឹកពីអាជ្ញាធរអាហ្សង់ទីន និងសហជីពអ្នកបើកបររថយន្តដឹកទំនិញ ខណៈពួកគេរង់ចាំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា គំនរព្រិលបានកើនឡើងដល់បីម៉ែត្រនៅក្នុងតំបន់នោះ និងបានបិទផ្លូវហាយវ៉េជាច្រើនកន្លែងនៅក្នុងក្រុង Mendoza ។
ការព្យាករបាននិយាយថា ព្រិល និងសីតុណ្ហភាពទាប អាចបន្តរយៈពេល ១៤ ថ្ងៃទៀត។