
ភ្នំពេញ៖ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានប្រកាសផ្តើមអនុវត្តយុទ្ធនាការ ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ដើម្បីកៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងនិងលើកម្ពស់កិច្ចសហការ និងសកម្មភាពរួមគ្នារវាងភាគីពាក់ព័ន្ធដែលខិតខំរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក។ល។
ប្រភពអង្គការមូលនិធិបង្ការរបួសអាស៊ី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូល ផ្គត់ផ្គង់ដល់គ្រួសារ។
អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំ គឺជាស្រ្តី។
ប្រភពដដែលបានបញ្ជាក់ថា កម្មវិធី ”លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជាការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម នឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់៕


