រថក្រោះរបស់អ៊ីស្រាអែល ត្រូវបានគេមើលឃើញនៅព្រំដែនលីបង់-អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ខណៈការដកទ័ពលើកដំបូងរបស់អ៊ីស្រាអែលក្រោមកម្មវិធីតំបន់សាកល្បង បានធ្វើឡើងក្នុងសប្តាហ៍នេះ។

កងកម្លាំងអ៊ីស្រាអែល បានដកកងទ័ពចេញពីទីក្រុង Zawtar al-Gharbiyeh ភាគខាងត្បូងប្រទេសលីបង់ ហើយកងទ័ពលីបង់បានចាប់ផ្តើមដាក់ពង្រាយនៅទីនោះ ប៉ុន្តែបានស្នើសុំឱ្យប្រជាជនពន្យារពេលការវិលត្រឡប់របស់ពួកគេរហូតដល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងទីក្រុងនេះត្រូវបានបោសសម្អាត។

មន្ត្រីលីបង់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ប្រទេសលីបង់និងអ៊ីស្រាអែល គ្រោងនឹងបើកកិច្ចចរចាជុំបន្ទាប់សម្របសម្រួលដោយសហរដ្ឋអាមេរិកនៅថ្ងៃទី៤ ខែសីហា នៅប្រទេសអ៊ីតាលី ខណៈប្រទេសទាំងពីរចាប់ផ្តើមអនុវត្តផែនការដកកងទ័ពរបស់អ៊ីស្រាអែល និងការដាក់ពង្រាយកងទ័ពលីបង់នៅភាគខាងត្បូងប្រទេសលីបង់។
សត្រូវយូរអង្វែងទាំងពីរ បានចរចាទល់មុខគ្នារយៈពេលជាងបីខែមកហើយដែលត្រូវបានគេចាត់ទុកថាជាមធ្យោបាយមួយដើម្បីបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ចាប់តាំងពីសង្គ្រាមថ្មីបានផ្ទុះឡើងនៅថ្ងៃទី២ ខែមីនា រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាលីបង់ ដែលបង្កឡើងដោយជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។
កិច្ចប្រជុំដោយផ្ទាល់កម្រិតឯកអគ្គរដ្ឋទូត គឺខុសប្លែកពីធម្មតាសម្រាប់ប្រទេសដែលនៅតែស្ថិតក្នុងសង្គ្រាម ហើយពុំមានទំនាក់ទំនងការទូតជាប្រក្រតី តាមរយៈការឈ្លានពាន ការចូលកាន់កាប់ដោយយោធា និងជម្លោះឆ្លងព្រំដែនរាប់ទសវត្សរ៍។