សារព័ត៌មាន Suspilne បានរាយការណ៍កាលពីថ្ងៃ ២២ កក្កដាសប្ដាហ៍នេះ ដោយដកស្រង់ប្រភពការទូត ថា លោកប្រធានាធិបតី Volodymyr Zelenskyy កំពុងពិចារណាទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham ដែលបានទទួលមរណភាព ដោយដំណើរទស្សនកិច្ចនេះ រួមមានការពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក Donald Trump ។

យោងតាមសារព័ត៌មាន Suspilne លោក Zelenskyy បានទទួលការអញ្ជើញឱ្យចូលរួមពិធីបុណ្យសពរបស់លោក Graham ដែលគ្រោងនឹងធ្វើឡើងនៅវិហារជាតិវ៉ាស៊ីនតោននៅថ្ងៃទី២៨ ខែកក្កដា។ ប្រភពបានប្រាប់សារព័ត៌មាន Suspilne របស់អ៊ុយក្រែន ថា ការិយាល័យប្រធានាធិបតីមិនទាន់បានបញ្ជាក់នៅឡើយទេថាតើលោក Zelenskyy នឹងធ្វើដំណើរទៅ ឬអត់ ដោយរដ្ឋបាលកំពុងពិចារណាបញ្ជូនមន្ត្រីជាន់ខ្ពស់មួយជំនួសរូបលោក។ការិយាល័យប្រធានាធិបតីពុំទាន់បានសម្រេចព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចដែលអាចកើតមាននៅឡើយទេ។
ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទាំងអ៊ុយក្រែន និងប្រធានាធិបតី Trump លោក Graham បានស្លាប់ភ្លាមៗនៅថ្ងៃទី ១១ ខែកក្កដា បន្ទាប់ពីត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ ក្រោយបានប្រកាសថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយសេតវិមានលើសេចក្តីព្រាងច្បាប់ទណ្ឌកម្មរុស្ស៊ីដែលត្រូវបានពន្យារពេលជាយូរមកហើយ។
ដំណើរទស្សនកិច្ចដែលអាចកើតមានទៅកាន់សហរដ្ឋអាមេរិកនេះ បានកើតឡើងស្របពេលមានការផ្អាករយៈពេលប្រាំមួយខែក្នុងការចរចាសន្តិភាពរវាងទីក្រុងគីវ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ក្នុងថ្ងៃជាមួយគ្នានោះ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា រូបលោកជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Steve Witkoff និងលោក Jared Kushner បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោកTrump ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ។លោកថាជំនួបនោះប្រព្រឹត្តិទៅយ៉ាងល្អដោយផ្ដោតលើការនាំមកនូវសន្តិភាព និងពន្លឿងផ្លូវការទូត៕

