ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់កម្រិតទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ AFF Women's Cup ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយបរាជ័យទល់ក្រុមជម្រើសជាតិនារីសិង្ហបុរី ក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ កាលពីល្ងាចថ្ងៃពុធ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១។
នេះជាលទ្ធផលមួយផ្ទុយពីការរំពឹងទុក ពិសេសក្រុមការងារគ្រូបង្វឹក ដែលសង្ឃឹមក្រុមបាល់ទាត់នារីកម្ពុជា អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនត្រឹមខកខានឱកាសមាសនេះនោះទេ សូម្បីការដណ្ដើមចំណាត់ថ្នាក់លេខ៣ ដើម្បីមានកៅអីទៅលេងពានកម្រិតទី១ ក្នុងតំបន់អាស៊ាន AFF Women’s Championship នាឆ្នាំ២០២៧ ក៏ត្រូវបាត់បង់ដែរ។
នៅក្នុងជំនួបបង្ហើយកិច្ចនេះ កីឡាការិនី Danelle បានរកគ្រាប់នាំមុខមុនឲ្យសិង្ហបុរី នៅនាទី២៤។ បន្ទាប់មកក្រុមកីឡាការិនីកម្ពុជា ក៏ព្យាយាមវាយបក រហូតដល់នាទី៧៤ ទើបមានឱកាសរកបានគ្រាប់តាមស្មើ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាការិនី សឿន វិផា ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ៩០នាទី មុនឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយសិង្ហបុរី យកឈ្នះកម្ពុជា ៤-៣ ដើម្បីទទួលបានចំណាត់ថ្នាក់េលខ៣ តែម្ដង។
លទ្ធផលនេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ ហើយត្រូវរង់ចាំដល់ឆ្នាំ២០២៨ ទើបអាចចូលរួមព្រឹត្តិការណ៍ដដែលនេះម្ដងទៀត បន្ទាប់ពីបាត់បង់កៅអីឡើងទៅលេងពានរង្វាន់ AFF Women’s Championship នៅឆ្នាំ២០២៧ ដែលផ្ដល់ឱកាសត្រឹមក្រុមឈរលេខ១ ដល់លេខ៣ នៃពានរង្វាន់ AFF Women’s Cup ឆ្នាំនេះ ត្រូវឡើងទៅលេងជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀត ដែលកំពុងឈរចាំ។
ដោយឡែកជើងឯកពានរង្វាន់ AFF Women's Cup 2026 ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ បានទៅក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីឡាវ ... កាលពីរាត្រីថ្ងៃពុធកន្លងទៅ៕ អត្ថបទ លី ឈុនឡា

