នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងរាប់បាត្រឧទ្ទិសកុសលជូនវីរៈកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី។
ពិធីនេះប្រារព្ធឡើងក្រោមវត្តមានឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ការរៀបចំពិធីនេះ មិនត្រឹមតែជាការរំឭកខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរៈកងទ័ព និងវីរនគរបាលជាតិ។
ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺជាមរតកស្មារតីដ៏ពិសិដ្ឋដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ឈាម និងញើសរបស់វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង៕













