ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ដើម្បីឈានទៅរកការបើកច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកជាំសាង៉ាំឡើងវិញខណៈអាជ្ញាធរថៃ ក៏កំពុងជំរុញឱ្យមានការបើកច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរនេះឡើងវិញឱ្យបានឆាប់។
អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម ប៉ែន កុសល បានឱ្យដឹងកាលពីរសៀលម្សិលមិញថា ឯកឧត្ដម នឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ទៅជួបប្រជុំជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទ ដើម្បីជជែកគ្នាពីបញ្ហាអនុស្សារណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ដើម្បីឈានទៅបើកច្រកព្រំដែនអន្តរជាតិ អូរស្មាច់ សម្រាប់ឱ្យពលរដ្ឋទាំងសងខាងបានចេញចូលឡើងវិញ នៅពេលឆាប់ៗនេះ។
ឯកឧត្ដម បានឱ្យដឹងទៀតថា នៅថ្ងៃទី៩ ខែឧសភានេះ ឯកឧត្ដម ក៏គ្រោងនឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីជួបជជែកជាមួយអាជ្ញាធរថៃ ខេត្តស៊ីសាកេត ដើម្បីពិភាក្សាគ្នាឈានទៅរកការបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែងផងដែរ។
អាជ្ញាធរខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការគ្រោងជួបជជែកជាមួយអាជ្ញាធរថៃ ទាំងពីរខេត្តនេះ គឺដើម្បីចង់ដឹងអំពីលក្ខណ្ឌ ដែលអាជ្ញាធរថៃតម្រូវ ចំពោះប្រជាពលរដ្ឋ ដែលចេញចូលទៅមក ដូចជាតម្រូវឱ្យពលរដ្ឋ ដែលមានកាតចាក់វ៉ាក់សាំង ឬក៏តម្រូវឱ្យពលរដ្ឋបង់ប្រាក់ធានាផ្សេងៗ។ល។
ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានច្រកព្រំដែនអន្តរជាតិ ចំនួនពីរ និងច្រករបៀង ចំនួនមួយ ជាមួយប្រទេសថៃ ដូចជាច្រកព្រំដែនអន្តរជាតិអូរស្មាច់ ជាមួយខេត្តសុរិន្ទ ច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ជាមួយខេត្តស៊ីសាកេត និងច្រករបៀងព្រំដែនខ្មែរ-ថៃ ជប់គគីរ ជាមួយខេត្តបូរីរ៉ាំ ៕




