ក្រុមហ៊ូទីនៅប្រទេសយេម៉ែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបើកប្រតិបត្តិការយោធាមួយដោយកំណត់គោលដៅលើនាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងសមុទ្រក្រហម ហើយបានអះអាងថា នាវាទាំងនោះបានរំលោភលើការរឹតបន្តឹងដែនសមុទ្រដែលក្រុមនេះបានប្រកាសថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមនេះ អ្នកនាំពាក្យយោធាហ៊ូទី លោក Yahya Sarea បាននិយាយថា កងកម្លាំងហ៊ូទីបានកំណត់គោលដៅលើនាវាដឹកប្រេង ដែលត្រូវបានគេស្គាល់ថា ENCELIA និង LAYLA ដោយប្រើមីស៊ីលបាលីស្ទីក មីស៊ីលតម្រង់គោលដៅ និងយានដ្រូន»។

លោក Sarea បាននិយាយថា នាវាទាំងនោះត្រូវបានកំណត់គោលដៅ ដោយសារការរំលោភលើការហាមឃាត់ដែលដាក់ដោយកងកម្លាំងប្រដាប់អាវុធរបស់ក្រុមនេះលើនាវាដែលចូលចតនៅកំពង់ផែអារ៉ាប៊ីសាអ៊ូ ឌីត។ លោកបានអះអាងថា ការវាយប្រហារនេះ បានបណ្តាលឲ្យអគ្គិភ័យឆាបឆេះនាវាដឹកប្រេងទាំងពីរគ្រឿង ហើយបានសម្រេចបាននូវគោលបំណងរបស់ពួកគេដោយជោគជ័យ។
សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីទីតាំងនៃហេតុការណ៍ ឬផ្តល់ភស្តុតាងនៃការខូចខាតដែលត្រូវបានចោទប្រកាន់នោះទេ ហើយក៏មិនបាននិយាយថាតើមានអ្នកស្លាប់ឬ របួសឬអត់នោះទេ។
ការអះអាងទាំងនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយមិនមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតទេ៕