យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ចំនួន ១៤៤ នាក់ បានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់តាមសមុទ្រដាច់ដោយឡែកពីគ្នា នៅឆ្នេរសមុទ្រនៃប្រទេសម៉ូរីតានី។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍ថា ខ្លួនពិតជាមានភាពសោកសៅយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ទាំងនេះ។

លោក Matthew Saltmarsh អ្នកនាំពាក្យរបស់ UNHCR បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ប្រតិបត្តិការជួយសង្គ្រោះ និងចូលចតចំនួនបីលើក ដែលបានធ្វើឡើង រវាងថ្ងៃទី ១៤ និង ១៨ ខែកក្កដា បាននាំមនុស្សចំនួន ៣៨៧នាក់ ទៅកាន់ច្រាំងដោយសុវត្ថិភាពនៅក្នុងទីក្រុង Nouadhibou ភាគពាយ័ព្យ។ អ្នកនៅរស់រានមានជីវិតមកពីប្រទេសជាច្រើន ប៉ុន្តែទីភ្នាក់ងារនេះ មិនបានបង្ហាញសញ្ជាតិរបស់ពួកគេទេ។

លោក Saltmarsh បាននិយាយថា៖ «នេះគឺជាការរំលឹកយ៉ាងច្បាស់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីអាជ្ញាធរតំបន់ឆ្នេរ និងដៃគូមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្សក៏ដោយ ក៏ផ្លូវធ្វើដំណើរតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិចឆ្ពោះទៅកាន់កោះកាណារី (Canary) នៅតែជាច្រកធ្វើ ដំណើរចម្រុះដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក»។
ហេតុការណ៍ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតដែលត្រូវបានរាយការណ៍ គឺពាក់ព័ន្ធនឹងទូកមួយគ្រឿងដែលបានចេញដំណើរពីភូមិឆ្នេរ Bafuloto ក្នុងប្រទេសហ្គាំប៊ី ឆ្ពោះទៅប្រទេសអេស្ប៉ាញ។ មានមនុស្សតែ ៣៨ នាក់ប៉ុណ្ណោះ ដែលបានរស់រានមានជីវិត បន្ទាប់ពីពួកគេជាប់គាំងនៅមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជិត ២៥ថ្ងៃ ខណៈអ្នកដំណើរ ១៤៤នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ឬបាត់ខ្លួន៕