កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរារាំងនាវាដឹកប្រេងចំនួន ៣ គ្រឿង មិនឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងប្រជែងគ្នា ដើម្បីគ្រប់ គ្រងផ្លូវទឹកដ៏មួយនេះ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេង ដែលប្រើផ្លូវធ្វើដំណើរតាមបណ្តោយឆ្នេរអូម៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រ ដោយមានគោលបំណងបង្ខំឲ្យនាវាទាំងនោះប្រើដែនទឹករបស់ខ្លួន និងបង់ប្រាក់សម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដកស្រង់ថា៖ «នាវាដឹកប្រេងចំនួន ៣គ្រឿង ដែលត្រូវបានបង្កហេតុ និងជំរុញដោយកងទ័ពអាមេរិក បានព្យាយាមឆ្លងកាត់ផ្លូវដែលមានដាក់មីន នៅភាគខាងត្បូងច្រកសមុទ្រហ័រមូស ប៉ុន្តែបន្ទាប់ពីនាវាមួយគ្រឿងបានផ្ទុះ និងឆាបឆេះ នាវាពីរគ្រឿងផ្សេងទៀត បានបង្វែរទិសដៅយ៉ាងឆាប់រហ័ស ហើយត្រឡប់ក្រោយវិញ»។
សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅពេលណានោះទេ៕