ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានព្រមានថា រដ្ឋាភិបាលសហព័ន្ធអាចប្រឈមនឹងការបិទនៅក្នុងខែកញ្ញា ខណៈភាពខ្វែងគំនិតគ្នាទ្វេរបក្សជុំវិញការចំណាយរបស់សហព័ន្ធនៅតែបន្ត និងក្នុងពេលពេលសភាបន្តទៅមុខជាមួយនឹងវិធានការផ្តល់មូលនិធិរយៈពេលខ្លីដើម្បីរក្សាប្រតិបត្តិការរបស់រដ្ឋាភិបាលឱ្យនៅដំណើរការហួសពីចុងឆ្នាំសារពើពន្ធនេះ។

ថ្លែងនៅក្នុងរដ្ឋ Georgia លោក Trump បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ អាចបិទនៅក្នុងខែកញ្ញា ដោយសារតែគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នាលើអាទិភាពនៃការចំណាយ។

សភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដែលនឹងផ្តល់មូលនិធិដល់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធរហូតដល់ថ្ងៃទី៤ ខែធ្នូ ក្នុងគោលបំណងទប់ស្កាត់ការបិទរដ្ឋាភិបាលនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។
វិធានការផ្តល់មូលនិធិបណ្តោះអាសន្ន ដែលត្រូវបានគេស្គាល់ផងដែរថាជាដំណោះស្រាយបន្ត (CR) បច្ចុប្បន្ននឹងត្រូវបានបញ្ជូនទៅព្រឹទ្ធសភាសម្រាប់ការពិចារណា។ មេដឹកនាំក្រុមសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា កំពុងចរចាជាមួយក្រុមប្រជាធិបតេយ្យ ហើយក៏កំពុងថ្លឹងថ្លែងសំណើផ្តល់មូលនិធិរយៈពេលខ្លីដាច់ដោយឡែក។
ប្រសិនបើសភាបរាជ័យក្នុងការអនុម័តនិយ័តកម្មសំណើថវិកាឲ្យបានទាន់ពេលវេលា នោះការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ និងកម្មវិធីសហព័ន្ធភាគច្រើននឹងផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែកញ្ញា ជាចុងបញ្ចប់នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបង្កឱ្យមានការបិទរដ្ឋាភិបាលដោយផ្នែក។