រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យគណៈប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision International) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងស្វែងរកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់អង្គការ ឆ្នាំ២០២៨-២០៣២ ឱ្យឆ្លើយតបតាមអាទិភាពសុខាភិបាលជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាង ៥៦ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធ សុខាភិបាលជាតិ ជាពិសេសលើសុខភាពមាតា-កុមារ និងអាហារូបត្ថម្ភ។
លោកស្រីបណ្ឌិត Than Thi Ha បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានរាយការណ៍ជូនអំពីសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៣-២០២៧ ដែលបានគ្របដណ្តប់លើ ២០ រាជធានី-ខេត្ត (៨៤% នៃផ្ទៃប្រទេស) ជាមួយថវិកាវិនិយោគជាង ១៣ លានដុល្លារអាមេរិក។ លោកស្រីបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំគន្លឹះចំនួន ៥ ចំណុច ដើម្បីតម្រង់ទិសការងារ៖ ១. ប្រែក្លាយគំរូសហគមន៍ជោគជ័យ ឱ្យទៅជាគំរូស្តង់ដារសម្រាប់អនុវត្តនៅទូទាំងប្រទេស។ ២. ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ឆ្មប និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។ ៣. ពង្រីកគំរូសេវាសុខភាពដែលមានភាពធន់ និងនិរន្តរភាព។ ៤. ធ្វើបរិយាបន្នទិន្នន័យតាមដានអាហារូបត្ថម្ភ ទៅក្នុងប្រព័ន្ធទិន្នន័យឌីជីថលសុខាភិបាលជាតិ។ ៥. រៀបចំផែនការយុទ្ធសាស្ត្រអង្គការ ឆ្នាំ២០២៨-២០៣២ ដោយពិគ្រោះយោបល់ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល៕












