បាល់ទាត់៖ ក្រុមបាល់ទាត់អង់គ្លេស Manchester City ត្រូវរងការខកចិត្តជាថ្មីម្តងទៀត និងជាការខកចិត្តដ៏មិនគួរឱ្យជឿមួយដែរនៅក្របខណ្ឌ UEFA Champions League។ បន្ទាប់ពីឈ្នះជើងទី១ នៅទឹកដីអង់គ្លេស Manchester City បានកាន់ពីរគ្រាប់ចំណេញត្រឹមនាទីទី៧៣ ជើងទី២ នេះបន្ទាប់ពី Riyad Mahrez ស៊ុតបញ្ចូលទីនាំមុខ ១-០ នៅទីក្រុងម៉ាឌ្រីដ និងនាំមុខ ៥-៣ សរុបទាំងពីរជើង។

រឿងដែលមិនអស់ចិត្តសម្រាប់អ្នកគាំទ្រ Man City ក៏កើតឡើងនៅចុងម៉ោងនាទី៩០+ ទៅហើយពោលគឺនាទីទី៩០ កីឡាករបម្រុងដែលផ្លាស់ប្តូរចូល Rodrygo ក៏តាមបានមួយគ្រាប់មកវិញ ហើយ Rodrygo ដដែលក៏បន្ថែមមួយគ្រាប់ទៀតធ្វើឱ្យសរុបទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ៥-៥។ ឈានដល់ម៉ោងបន្ថែម ១៥នាទីពីរដង Karim Benzema ក៏ស៊ុតគ្រាប់ជ័យជំនះដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៩៥ បន្ទាប់ពីកំហុសរបស់ Ruben Dias។ ជ័យជំនះនេះ Real Madrid នឹងឡើងវគ្គផ្តាច់ព្រ័ត្រជួបហង្សក្រហម Liverpool នៅថ្ងៃទី២៨ ខែឧសភានេះ ជាការរំលឹកឡើងវិញពីជំនួបរវាងក្រុមទាំងពីរកាលពីឆ្នាំ២០១៨ ដែល Real Madrid យកឈ្នះ ៣-១។

ចំណែក Manchester City នៅពេលនេះនៅសល់តែពាន English Premier League មួយទេនៅក្នុងដៃ ខណៈកំពុងនាំមុខ Liverpool មួយពិន្ទុនៅសល់ ៤ប្រកួតទៀតចប់រដូវកាល។ គិតមកដល់ពេលនេះតាំងពី Manchester City ស្ថិតក្រោមការវិនិយោគដោយមហាសេដីអារ៉ាប់នៅឆ្នាំ២០០៨ បានឈ្នះពាន English Premier League សរុប ៥លើកហើយ តែគោលបំណងធំចង់ឈ្នះពាន UEFA Champions League នៅមិនទាន់បានសំរេចនៅឡើយ៕
អត្ថបទ៖នាង សុភាវុធ