លីគបាល់ទាត់កំពូលអាមេរិក Major League Soccer បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតជុំវិញការចោទប្រកាសថា Inter Miami បានទាក់ទងកីឡាករ Casemiro ដោយមិនគោរពបទប្បញ្ញត្តិ បន្ទាប់ពីក្លិបបានចុះហត្ថលេខានាំយកខ្សែបម្រើប្រេស៊ីល។
កាលពីថ្ងៃពុធ Inter Miami បានប្រកាសថា ពួកគេបានចុះហត្ថលេខាជាមួយកីឡាករវ័យ ៣៤ ឆ្នាំ ដែលបានចាកចេញពី Manchester United នៅចុងរដូវកាលមុន។ កិច្ចសន្យារបស់ Casemiro ជាមួយ Inter Miami មានសុពលភាពដល់ចុងរដូវកាល MLS ឆ្នាំ ២០២៧ ហើយមានជម្រើសបន្តរហូតដល់ខែមិថុនា ឆ្នាំ ២០២៩។
ប៉ុន្តែភ្លាមៗបន្ទាប់ពីការប្រកាសរបស់ Inter Miami, MLS បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងពិនិត្យមើលការចោទប្រកាន់ពីបទល្មើសច្បាប់នៃការចរចាផ្ទេរកីឡាករ។
ការស៊ើបអង្កេតនេះពាក់ព័ន្ធនឹង «សិទ្ធិអាទិភាពក្នុងការចុះហត្ថលេខាជាមួយកីឡាករ» (Discovery Rights) របស់ Casemiro ដែលជាបទប្បញ្ញត្តិរបស់ MLS ផ្តល់សិទ្ធិអាទិភាពដល់ក្លិបជាក់លាក់មួយក្នុងការចរចា និងចុះហត្ថលេខាជាមួយកីឡាករ ប្រសិនបើកីឡាកររូបនោះចង់មកលេងនៅ MLS។
ក្លិបមួយអាចមានកីឡាកររហូតដល់ ៥ នាក់នៅក្នុងបញ្ជី Discovery របស់ខ្លួនក្នុងពេលតែមួយ ហើយក៏អាចបន្ថែម ឬដកកីឡាករចេញពីបញ្ជីនេះបានផងដែរ។
មុនពេល Casemiro ផ្ទេរមក Inter Miami ក្លិប Los Angeles Galaxy គឺជាក្លិបដែលកាន់សិទ្ធិ Discovery Rights របស់កីឡាកររូបនេះ។ ទោះជាយ៉ាងណា ក្នុងការប្រកាសចុះហត្ថលេខា Inter Miami បានបញ្ជាក់ថា ពួកគេបានទទួលសិទ្ធិនេះពី Los Angeles Galaxy។
Casemiro បានប្រកាសកាលពីខែមករាថា នឹងចាកចេញពី Old Trafford នៅចុងរដូវកាល ២០២៦-២៧ បន្ទាប់ពីមានការសម្រេចរួមគ្នាថា មិនបន្តកិច្ចសន្យាថ្មីជាមួយ Manchester United។
ក្នុងអាជីពរបស់ខ្លួន Casemiro បានឈ្នះពាន UEFA Champions League ចំនួន ៥ លើកជាមួយ Real Madrid មុនពេលផ្ទេរមក Manchester United ក្នុងឆ្នាំ ២០២២។
នៅ Manchester United ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនសរុប ១៦០ ប្រកួត ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៤ ដង ជួយក្លិបឈ្នះពាន EFL Cup និង FA Cup។
ជាមួយក្រុមជម្រើសជាតិប្រេស៊ីល Casemiro ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះដែរ ខណៈប្រេស៊ីលបានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

