អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកមិនអាចទទួលយកកិច្ចព្រមព្រៀងជាមួយទីក្រុង Moscow ដែលនឹងអនុញ្ញាតឲ្យទាហានរុស្ស៊ីបន្តនៅក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីដណ្ដើមយកបាននោះទេ។

លោក Zelenskyy បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបញ្ឈប់ការវាយលុករបស់រុស្ស៊ី ជាអ្វីដែលលោកបានហៅថាជាដំណាក់កាលដំបូងនៃជម្លោះ។ លោកបាននិយាយថា នៅដំណាក់កាលទី២ អ៊ុយក្រែននឹងបណ្ដេញកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ហើយនៅដំណាក់កាលទី៣ នឹងឈានទៅរកការស្ដារបូរណភាពទឹកដីរបស់ខ្លួនទាំងស្រុងឡើងវិញ។ លោក Zelenskyy បាននិយាយថា លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងបើកដៃឲ្យកងកម្លាំងរុស្ស៊ីបន្តនៅក្នុងទីតាំងបច្ចុប្បន្នរបស់ពួកគេឡើយ ដោយទទូចថា ពួកលោកនឹងមិនទទួលយកដែនដីជម្លោះដែលគ្មានដំណោះស្រាយនោះទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ស្របពេលកំពុងថ្លែងទៅកាន់កិច្ចប្រជុំកំពូលក្រុមប្រឹក្សានាយកប្រតិបត្តិ របស់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃពុធ។
លោកបានព្រមានថា អ៊ុយក្រែននឹងត្រូវបានទាញចូលទៅក្នុងភាពចលាចលខាងការទូត ដូចជាកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនភាគខាងកើត ដែលផ្ដួចផ្ដើមឡើងដោយបារាំង និងអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥៕
អត្ថបទ៖ សុខមាន