បាល់ទាត់៖ ខ្សែប្រយុទ្ធរបស់ក្លិបបារាំង Paris Saint Germain, Kylian Mbappe ត្រូវបានជ្រើសរើសក្នុងបញ្ជីឈ្មោះកីឡាករដែលអាចឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ ខណៈមិត្តរួមក្រុម Lionel Messi និង Neymar មិនជាប់ឈ្មោះ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះគឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលនេះសរុប ២៥គ្រាប់ និងបញ្ជូនច្រើនជាងគេដែរសរុប ១៥លើកនៅពីលើមិត្តរួមក្រុម Lionel Messi ដែលមាន ១៣លើក។ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Rennes, Martin Terrier និងខ្សែប្រយុទ្ធ Monaco, Ben Yedder ស្ថិតក្នុងបញ្ជីនេះក្រោយស៊ុតបញ្ចូលទីបានសរុប ២១គ្រាប់ដូចគ្នា ខណៈដែលក្លិប Marseille ក៏មាន Dimitri Payet និង Lyon មាន Lucas Paqueta ដែលសុទ្ធតែជាបេក្ខភាពអាចឈ្នះពាននេះ។
ដោយឡែកសំរាប់ពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំវិញ គេមិនឃើញមានវត្តមានគ្រូបង្វឹក PSG លោក Mauricio Pochettino ក្នុងបញ្ជីផ្តាច់ព្រ័ត្រឡើយ បើទោះជាដឹកនាំក្រុមឈ្នះជើងឯករដូវកាលនេះក៏ដោយ។ អ្នកដែលស្ថិតក្នុងបញ្ជីនោះមានគ្រូបង្វឹក Marseille លោក Jorge Sampaoli, គ្រូបង្វឹក Nice លោក Christophe Galtier និងគ្រូបង្វឹក Rennes លោក Bruno Genesio ជាដើម៕
អត្ថបទ៖នាង សុភាវុធ